ហេតុអ្វីលោក ផែង វណ្ណៈ រួចខ្លួន? តើលោក ផែង វណ្ណៈ ធ្លាប់រងបណ្តឹងអ្វីខ្លះ? ហើយមានប៉ុន្មានបណ្តឹង? ភាគទី០២
បណ្តឹងទី១៖
នៅក្នុងករណីដាច់ដោយឡែកមួយកាលពីថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០១៥ សាលាដំបូងរាជធានីភ្នំពេញធ្លាប់បានផ្តន្ទាទោសលោក ផែង វណ្ណៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងបានបញ្ជាឲ្យលោកបង់ប្រាក់ប្រហែល ៣,៧៥០ ដុល្លារជាសំណងការខូចខាតដល់លោកស្រី កែវ ម៉ាលី អតីតសមាជិកព្រឹទ្ធសភានិងជាអគ្គនាយកនៃក្រុមហ៊ុន កែវ ម៉ាលី គ្រុប។ លោក ផែង វណ្ណៈ ត្រូវបានចោទប្រកាន់តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានប្តឹងដោយលោកស្រី ម៉ាលី បន្ទាប់ពីលោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក៖ «លោកជំទាវ កែវ ម៉ាលី គឺជាអ្នកផិតក្បត់ហើយជាប្រពន្ធទី ៤ របស់ឧត្តមសេនីយ សៀក»។
បណ្តឹងទី២៖
កាលពីឆ្នាំ២០១៩ លោក ផែង វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ ២ខែ និង១៥ថ្ងៃប៉ុណ្ណោះ ទោសក្រៅពីនោះព្យួរ និងបង្គាប់ឱ្យសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល និងពិន័យប្រាក់ចូលរដ្ឋចំនួន ៦លានរៀលពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តនៅលើទំព័រហ្វេសប៊ុក ឈ្មោះ Pheng Vannak News កាលពីថ្ងៃទី ២៩ មីនាឆ្នាំ២០១៩ បន្ទាប់ពីលោក ផែង វណ្ណៈបាននិយាយថា «Fresh News ផ្សាយតែព័ត៌មានណាដែលបានលុយ»។
លោក ផែង វណ្ណៈ ដែលអះអាងថាជាអ្នកលេង Facebook ល្បីម្នាក់នៅកម្ពុជា ត្រូវបានចាប់ខ្លួនភ្លាមៗទៅតាមបណ្តឹងរបស់លោក គី តិច ជាមេធាវីការពារក្តីឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការចាប់ខ្លួនលោក ផែង វណ្ណៈ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពី លោក គី តិច ដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញ ដោយប្តឹង លោក ផែង វណ្ណៈ ក្រោមបទចោទ«ញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍»។ ក្នុងពាក្យបណ្តឹងរបស់មេធាវី គី តិច បានប្តឹងឈ្មោះ ផែង វណ្ណៈ ដែលបានសរសេរនូវលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានគោលបំណងបរិហាកេរ្តិ៍ជាសាធារណៈទៅលើសម្តេច ហ៊ុន សែន និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ ដែលថាសំណេររបស់លោកពិតជាមានផែនការច្បាស់លាស់ និងចេតនាទុច្ចរិត ដោយបានធ្វើការប្រៀបធៀប ក្នុងគោលបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេច ហ៊ុន សែន ថាជាឃាតករសម្លាប់លោក បណ្ឌិត កែម ឡី។
ពាក្យបណ្តឹងរបស់លោក គី តិច បានទាមទារឱ្យតុលាការធ្វើការពិនិត្យ និងចោទប្រកាន់ និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរលើឈ្មោះ ផែង វណ្ណៈ ទៅតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសបន្តទៀត ដែលនាំឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
កាលពីថ្ងៃទី ២៩ មីនា ឆ្នាំ២០១៩ ទំព័រហ្វេសប៊ុក ឈ្មោះ Pheng Vannak News បានសរសេរដោយភ្ជាប់រូបថតពីរសន្លឹក ដោយប្រៀបធៀបសកម្មភាពរបស់លោក ផែង វណ្ណៈ ជាចាងហ្វាងការផ្សាយ និងជានិពន្ធនាយកគហទំព័រ Pheng Vannak News តំណាងឱ្យម្ចាស់រថយន្ត ដែលបើកបុកនិស្សិតស្រីម្នាក់ យកថវិកាចំនួន៥ពាន់ដុល្លារទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិត ឌុំ រីដា ប៉ុន្តែត្រូវបានលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំណែកសកម្មភាពរបស់ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាព Fresh News តំណាងឱ្យថ្នាក់ដឹកនាំយកថវិកាចំនួន៥ម៉ឺនដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើចេតិយ ប៉ុន្តែលោកទេសរដ្ឋ
មន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទេ។ ទំព័រហ្វេសប៊ុកដដែលក៏បានចោទជាសំណួរថា តើខុសគ្នាដូចម្តេចខ្លះបើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា?
ក្រោយមកលោក ផែង វណ្ណៈ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩បន្ទាប់ពីលោកធ្វើលិខិតសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
តើលោក ផែង វណ្ណៈ ធ្លាប់រងបណ្តឹងអ្វីខ្លះ? ហើយមានប៉ុន្មានបណ្តឹង? ភាគទី០៣
សូមរងចាំតាមដានបន្តភាគទី០៣/ ធីអិនអឹម TNM ព័ត៍មានពិត គ្រប់ទីកន្លែង