ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ ១៤ខ្នងស្ថិតនៅភូមិចំនួន៣ ក្នុងស្រុកបវេល
ខេត្តបាត់ដំបង៖ លំនៅឋានប្រជាពលរដ្ឋចំនួន ១៤ខ្នង ស្ថិតនៅក្នុងភូមិចំនួន៣ នៃស្រុកបវេល ត្រូវបានខ្យល់កន្ត្រាក់បោកបំផ្លាញខ្ទេចខ្ទី ខណៈដែលមេឃបានបង្អុរភ្លៀងមួយមេ គួបផ្សំខ្យល់កន្ត្រាក់មកជាមួយ។ ករណីនេះ បានកើតឡើងកាលពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៥និង ៣០នាទី ល្ងាច ដោយខ្យល់បានបោកបក់ទៅលើភូមិចំនួន៣ ក្នុងឃុំព្រៃខ្ពស់ ក្នុងនោះ មានភូមិព្រៃខ្ពស់ ភូមិម៉ាក់ឃ្លឿ និងភូមិក្បាលអាង ដែលបណ្ដាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៤ខ្នងផ្ទះ។ ទន្ទឹមនេះ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានគូសបញ្ជាក់ថា នៅក្នុងចំណោមផ្ទះទាំង ១៤ខ្នងនោះ គឺមាន ៤ខ្នងផ្ទះ ត្រូវបានខ្ទេចខ្ទីស្ទើរទាំងស្រុង តែពុំមានបង្កការរងរបួសដល់មនុស្សឡើយ។ បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ដំណឹងនេះ ជូនទៅសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធរួចហើយដែរ៕ សម្រួលដោយ ទៀង បុណ្ណរី