ឡាវ ផ្អាកនាំចូលសាច់ជ្រូកពី វៀតណាម និងថៃ
ក្រសួងកសិកម្មឡាវបានប្រកាសផ្អាកនាំចូលសាច់ជ្រូក រួមទាំងជ្រួករស់ និងសាច់កែឆ្នៃជាបណ្ដោះអាសន្នពីប្រទេសវៀតណាម និងថៃ ។ ចំពោះមូលហេតុបិទជាបណ្តោះអាសន្ននេះ គឺបណ្តាលមកពីប្រទេសទាំងពីរ កំពុងតែមានបញ្ហារីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ។ បន្ថែមលើនេះ សាច់ជ្រូកដែលត្រូវបានរត់ពន្ធ ឬនាំចូលខុសច្បាប់ចូលប្រទេសឡាវ ត្រូវតែបំផ្លាញចោលទាំងអស់ ។ ជាមួយគ្នានេះ រដ្ឋាភិបាលឡាវ បានណែនាំដល់កសិករ ត្រូវតែតាមដានសត្វឈឺ និងសម្លាប់សត្វទាំងនោះ ប្រសិនរកឃើញថាមានផ្ទុកមេរោគ ដើម្បីការពារការរីករាលដាលកាន់តែធ្ងន់ធ្ងរ ។ ដោយឡែក កាលនៅឆ្នាំ ២០១៩ ជំងឺប៉េស្តជ្រូក ធ្លាប់បានរីករាលដាលដល់ ១៧០ ភូមិ ក្នុង ៥៧ ស្រុកនៅទូទាំងប្រទេសឡាវ ។ តាមរយៈការផ្ទុះឡើងពេលនោះ បានបណ្តាលឲ្យជ្រូក ១៨,៧៧៤ ក្បាលឆ្លងមេរោគ និងសម្លាប់ចោល ខណៈដែល ៦,៨៣៦ ក្បាលផ្សេងទៀតត្រូវបានបំផ្លាញ ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ ឡាវបានផ្អាកការនាំចូលសាច់ជ្រូកពីប្រទេសចិន និងថៃ បន្ទាប់ពីបានរកឃើញការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៧ ករណី ខណៈក្នុងនោះមានជ្រូកងាប់ចំនួន ៩៧៣ ក្បាលនៅក្នុងខេត្ត Salavan ៕ សម្រួលដោយ ទៀង បុណ្ណរី