ព្យុះព្រះអាទិត្យនឹងវាយប្រហារភពផែនដី ចាប់ពីស្អែកទៅ

អ្នកវិទ្យាសាស្ត្រអង្គការណាសា និយាយថា តំបន់ខ្មៅដែលមានទំហំធំជាងផែនដីប្រហែល៣០ ត្រូវបានគេរកឃើញនៅលើផ្ទៃព្រះអាទិត្យ កាលពីដើមសប្តាហ៍នេះ ហើយគេរំពឹងថា នឹងបង្កឲ្យមានព្យុះព្រះអាទិត្យ ធ្វើឲ្យភពផែនដីក្តៅខ្លាំងនៅចុងសប្តាហ៍នេះ។  បេសកកម្មសង្កេតថាមពលព្រះអាទិត្យរបស់អង្គការណាសា បានបញ្ចេញរូបថតនៃព្រះអាទិត្យ ដែលបង្ហាញពីតំបន់ងងឹត ឬត្រូវបានគេស្គាល់ថា “ប្រហោង Coronal”។  លោក Alex Young នាយករងផ្នែកវិទ្យាសាស្ត្រ នៅក្របខ័ណ្ឌវិទ្យាសាស្ត្រព្រះអាទិត្យអង្គការណាសា បានប្រាប់សារព័ត៌មាន Insider ថា “ប្រហោងនេះមានទំហំធំជាងផែនដីប្រហែល២០ទៅ៣០ដង”។   ណាសា និយាយថា ទោះបីជាត្រូវបានពិពណ៌នាថាជាប្រហោងក៏ដោយ ប៉ុន្តែវាគឺជាតំបន់មួយនៅលើផ្ទៃព្រះអាទិត្យដែលមានសីតុណ្ហភាពក្តៅតិចជាងតំបន់ផ្សេងទៀត។  យោងតាមអង្គការណាសា, ប្រហោង Coronal គឺជាកន្លែងដែលបញ្ចេញខ្យល់ព្រះអាទិត្យ។ ពួកគេរំពឹងថា ខ្យល់ព្រះអាទិត្យទាំងនេះនឹងមានល្បឿនប្រហែល ៥០០ ទៅ ៨០០ គីឡូម៉ែត្រក្នុងមួយវិនាទី។ លើសពីនេះ​ លោក Young បានប្រាប់ Insider ថា “យើងប្រហែលជានឹងចាប់ផ្តើមឃើញឥទ្ធិពលនៃខ្យល់ដែលមានល្បឿនលឿននៅថ្ងៃទី២៤ខែមីនា។ ពេលដែលខ្យល់មានល្បឿនលឿន មកដល់ផែនដី ភាគល្អិតនិងដែនម៉ាញេទិចដែលវាផ្ទុក នឹងធ្វើអន្តរកម្មជាមួយដែនម៉ាញេទិចរបស់ផែនដី ធ្វើឲ្យញ័រឬរោទិ៍ដូចជាកណ្តឹង”។  ទោះបីជាយ៉ាងណាក៏ដោយ លោក Young បានប្រាប់ Insider ថា យើងមិនគួររំពឹងថានឹងមានការដាច់ភ្លើងឬការរំខានណាមួយក្នុងបណ្តាញទំនាក់ទំនងនោះទេ។ ផ្ទុយទៅវិញ នឹងមានបាតុភូត Aurora Borealis កាន់តែរស់រវើក នៅពេលខ្យល់ព្រះអាទិត្យ មកដល់ភពផែនដីរបស់យើង៕   រូបថត៖ អង្គការណាសា)    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង