សកម្មភាពនៃការគប់កញ្ចក់រថយន្តនៅខេត្តតាកែវ កាន់តែពេញនិយម ទោះបីមានការបង្ក្រាបពីអាជ្ញាធរយ៉ាងណាក៏ដោយ
ខេត្តតាកែវ៖ អាជ្ញាធរសមត្ថកិច្ចខេត្តតាកែវ បានធ្វើការស្រាវជ្រាវករណីគប់កញ្ចក់រថយន្តលួចទូរសព្ទដៃមួយគ្រឿង រហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ….។ ប្រភពព័ត៌មានពីអាជ្ញាធរសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សូត្រ ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទីយប់ ដែលបានធ្វើសកម្មភាពយកដុំថ្មចំនួន២ដុំ គប់ទៅលើកញ្ចក់រថយន្ត២គ្រឿងដែលបានចតនៅលើដងផ្លូវសាធារណៈ។ ទី១–រថយន្តម៉ាកតូយ៉ូតា រ៉ាស់ សេរីឆ្នាំ២០២១ ពណ៌-ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ យ៉ែម នាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យបែកកញ្ចក់ខាងមុខចំនួន២កន្លែង និងទី២–រថយន្តម៉ាកតូយ៉ូតា តាកូម៉ា សេរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ច៩៨៤១ ភព២ របស់ឈ្មោះ ប៉េង ណាន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បែកកញ្ចក់ទ្វារខាងមុខចំហៀងខាងឆ្វេង បម្រុង នឹងលូកដៃយកទូរសព្ទនៅក្នុងរថយន្ត តែត្រូវបានប្រជាការពារប្រទះឃើញស្រែកឆោរឡោ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ ខេត្តតាកែវហាក់ផ្ទុះរឿងគប់កញ្ចក់រថយន្តនេះញឹកញ៉ាប់ណាស់ ខណៈអាជ្ញាធរចុះបង្ក្រាបលើក្រុមក្មេងទំនើងទាំងនោះជាបន្តបន្ទាប់ដែរ ប៉ុន្តែដូចជាមិនមានចំណាត់ការម៉ឹងម៉ាត់សោះ និងទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរពេញបណ្តាញសង្គម។ ជាក់ស្តែង បន្ទាប់ពីមានការបកស្រាយរបស់លោកស្នងការខេត្ត ដែលចាត់ទុកជនរងគ្រោះជាអ្នកបើកបររថយន្ត ថាមានភាពស៊យ ទើបបណ្តាលឱ្យក្រុមក្មេងទំនើងគប់ត្រូវកញ្ចក់រហូតរងរបួសធ្ងន់នោះ បានធ្វើឱ្យមហាជនកាន់តែមិនពេញចិត្ត និងបានបង្ហាញពីការអស់ជំនឿចិត្ត ដែលសមត្ថកិច្ចចុះអនុវត្តច្បាប់គ្មានតម្លាភាពបែបនេះ…៕ សម្រួលដោយ ទៀង បុណ្ណរី