ស្នងការខេត្តព្រៃវែង ដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទ ចាប់បានក្មេងទំនើងមិនត្រូវអប់រំទៀតទេ ត្រូវតែបញ្ជូនទៅតុលាការ

ព្រៃវែង៖ ស្នងការខេត្តព្រៃវែង នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣​នេះ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។  លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ហើយឈប់ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត។  ការដាក់បទបញ្ជានេះ បន្ទាប់ពីលោកបានធ្វើការអប់រំ ណែនាំដល់ក្មេងទំនើង៣នាក់ ដែលគប់កញ្ជក់រថយន្ដអ្នកដំណើរឱ្យត្រឡប់ទៅផ្ទះវិញ ដោយឱ្យឪពុកម្ដាយមកធានា និងអប់រំបន្ត តែត្រូវបានមតិមហាជនជាច្រើនមានការរិះគន់។ ឆ្លើយតបនឹងមតិរិះគន់លើករណីនេះ លោកស្នងការលើកឡើងថា ការសម្រេចប្រើប្រាស់វិធានការអប់រំនេះ គឺយោងទៅលើទិដ្ឋភាពចំនួន៣ ទី១‑ការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ។ ទី២‑មានការស្រុះស្រួលគ្នារវាងភាគីរងគ្រោះ និងភាគីបង្ក ដោយយល់ព្រមទទួលសំណងដើម្បីបញ្ចប់រឿង។ ទី៣‑ដោយយល់ឃើញថា យុវជនបង្កទាំង ៣នាក់ មិនធ្លាប់មានប្រវត្តិប្រព្រឹត្តិបទល្មើស ហើយជាយុវជនដែលកំពុងពេញវ័យសិក្សា រៀនសូត្រ និងទទួលយកបទពិសោធថ្មីៗនៅក្នុងជីវិត ពិសេស គ្រួសាររបស់ពួកគេមានជីវភាពទីទាល់ក្រ ត្រូវការកម្លាំងពលកម្ម ដើម្បីជួយដល់ក្រុមគ្រួសារ ។   លោកស្នងការបញ្ជាក់បន្ថែមថា ផ្អែកតាមការស៊ើបអង្កេតដោយយកចិត្តទុកដាក់ ការគប់កញ្ចក់រថយន្តនោះ ពួកគេមិនបានប្រើដុំថ្មនោះទេ គឺប្រើដបទឹកសុទ្ធ។ ទោះជាយ៉ាងណាក៏ដោយ លោកស្នងការខេត្តព្រៃវែង មិនគិតថា វាជាការគប់ដោយចេតនា ឬអចេតនានោះទេ ព្រោះទោះបីជាពួកគេគប់ដោយអចេតនាក៏ដោយ ក៏វាអាចបង្កគ្រោះថ្នាក់បាន ប្រសិនបើតៃកុងរថយន្តមិនមានស្មារតីគ្រប់គ្រាន់ អាចនឹងរេចង្កូតក្រឡាប់រថយន្ត ឬ រេចង្កូតទៅបុកអ្នកធ្វើដំណើរតាមដងផ្លូវ បង្កគ្រោះថ្នាក់ដល់អាយុជីវិត ។  ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមទទួលយកនូវការរិះគន់គ្រប់មជ្ឈដ្ឋាន ហើយនឹងខិតខំធ្វើការកែតម្រូវឱ្យបានល្អប្រសើរជាងមុន ។ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សង្ឃឹមថា សាធារណជនទាំងអស់នឹងចូលរួមរិះគន់ ក្នុងន័យស្ថាបនាបន្តទៀត…៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង