ប្រវត្តិទាក់ទងនឹងល្បែងប្រជាប្រិយរបស់ខ្មែរក្នុងពេលចូលឆ្នាំ

ល្បែងប្រជាប្រិយខ្មែរ ថ្វីបើមិនមានការបញ្ជាក់ច្បាស់លាស់ ពីកាលវេលានៃការបង្កើតល្បែងទាំងនេះឡើងក៏ពិតមែន តែក្នុង​ឆ្នាំ​១៩៦៤ ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ខ្មែរ ​បាន​ប្រមូល​ និងចង​ក្រង ​ល្បែង​ដែល​ខ្មែរ​ធ្លាប់​លេងបាន​មួយចំនួនតូច ដែលក្នុងនោះរួមមាន ស្តេចចង់ ចោលឈូង ចាប់​កូនខ្លែង លោត​អន្ទាក់ លាក់​កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់​សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយ​កូនគោល ជាដើម-ល-។   នៅរៀងរាល់រដូវកាលខិតជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងភូមិស្រុកខ្លះ កំលោះក្រមុំ ក្មេងចាស់ ប្រុសស្រី តែងមូលមីជួបជុំគ្នា លេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ រហូតចូលដល់ថ្ងៃពិធីបុណ្យចូលឆ្នាំតែម្តង ប៉ុន្តែមិនសូវជាអ្នកបានដឹង ពីប្រវត្តិ ឬអត្ថន័យទាក់ទងនឹងល្បែងប្រជាប្រិយខ្មែរទាំងនេះនោះទេ។  ១. ល្បែងបោះអង្គញ់   បើតាមសៀវភៅ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» ល្បែងបោះអង្គញ់ គឺជាល្បែងប្រជាប្រិយខ្មែរមួយ ដែលគេយកឈ្មោះតាម ផ្លែអង្គញ់ក្រៀមស្ងួត ដែលគេយកមកលេង ហើយគេ​លេង​បាន​ទាំងក្មេង-ចាស់ ប្រុស-ស្រី ។ អំឡុងខែនេះ នៅតាមទីផ្សារ នានា គឺចាប់មានគេលក់ផ្លែអង្គញ់ជាបណ្ណើរៗហើយ។ បើនិយាយពីរបៀបលេង គេចែកមនុស្សជាពីរក្រុមស្មើគ្នា ចាប់ពី ២នាក់ឡើងទៅ ហើយតម្រូវឲ្យដាំកោយ ៣-៥ និងចែកវេណគ្នាបោះម្ខាងៗទាល់តែដួលអង្គញ់អស់។   ២. ល្បែងចោលឈូង   ល្បែងឈូង ជាល្បែងកម្សាន្តមួយផ្សេងទៀត ដែលគេនិយមលេង​នៅ​ក្នុង​រដូវ​ចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ មិនសូវជាខុសគ្នាពីការលេងបោះអង្គញ់ទេ គេចែកគ្នាជា ២ក្រុម (ស្រី ១ក្រុម ប្រុស ១ក្រុម) ដោយឈរ​​​​ជា​​ ២​ជួរ ទល់​មុខ​គ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ហើយយកក្រម៉ា​ ឬ​កន្សែង ​មក​ឆ្មូល​ឲ្យ​មូល​ ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុកឲ្យ​មាន​កន្ទុយ​បន្តិច ​ហៅ​ថា “ឈូង” សម្រាប់កាន់បោះ ឬ​ចោល​ទៅ​មក​រក​គ្នា ។  ៣. ល្បែងលាក់កន្សែង  នេះជាល្បែងប្រជាប្រិយខ្មែរ ដែលគេនិយមលេងនារដូវចូលឆ្នាំខ្មែរ ដោយការលេង គឺមានគ្នាចាប់ពី ៦-៧នាក់ ឡើងទៅ ដោយតម្រូវឲ្យអ្នកលេង អង្គុយចោងហោងជារង្វង់ ហើយមានគ្នាម្នាក់ដើរជុំវិញ យកកន្សែង ឬក្រមាដែររុំតឹងណែន ដើរពីក្រោយខ្នងអ្នកអង្គុយ បញ្ឋោទអ្នកអង្គុយមិនឲ្យដឹងខ្លួនឡើយថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។   ទាក់ទងនឹងប្រវត្តិ គឺមិនទាន់មានឯកសារណាមួយបង្ហាញច្បាស់លាស់ពីប្រភពនៃល្បែងកម្សាន្តមួយនេះឡើយ តែចំពោះអត្ថន័យវិញ ល្បែងប្រជាប្រិយមួយនេះ គឺបង្រៀនយើងឲ្យ​មាន​ស្មារតី​រឹងប៉ឹង និង​រហ័សរហួន ពិសេស​ធ្វើឱ្យមាន​ទម្លាប់​ប្រុងស្មារតី​ជានិច្ច។​    ៤. ល្បែងចាប់កូនខ្លែង    ល្បែង​ចាប់កូនខ្លែង គេមិននិយមលេងតែ​ក្នុងរដូវចូល​ឆ្នាំ​នោះទេ ឲ្យតែមានការជួបជុំ បើរកនឹកល្បែងប្រជាប្រិយខ្មែរ មកកម្សាន្ត គេច្រើនរើសយកល្បែងមួយប្រភេទនេះមកកម្សាន្ត។ ចំពោះអត្ថន័យនៃការលេងចាប់កូនខ្លែង​នេះ គឺអាច​បង្រៀន​មនុស្ស​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ខ្លួន ​និង​ក្រុមគ្រួសារ​ រីឯប្រវត្តិយ៉ាងណានោះ គឺមិនទាន់មាន ការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។​ ចំពោះការលេងល្បែង​ចាប់កូនខ្លែង គឺគេ​ចាត់​មនុស្ស​ម្នាក់​ដែលមាន​មាឌធំ ឲ្យ​ធ្វើជា​មេហ្វូង ហៅថា​ «​មេមាន់​» ហើយ​អ្នកផ្សេងទៀត​ធ្វើជា​កូន​មាន់ និងជ្រើសរើស​មនុស្ស​ម្នាក់ទៀត ​ធ្វើជា​ខ្លែង ចាំ​ចាប់កូនមាន់​។  ៥. ល្បែងស្តេចចង់  ល្បែងស្ដេចចង់ គឺជាល្បែងប្រពៃណីខ្មែរ ដែលក្មេងប្រុសស្រីក្នុងវ័យជំទង់ៗ ច្រើននាំគ្នាលេងកម្សាន្ត ដោយម្ខាងប្រុស រីឯម្ខាងទៀតស្រី និងមិនកំណត់ចំនួនឡើយ ហើយគេជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើតំណាងជា «ស្ដេច» ដែលអង្គុយ ចំកណ្ដាល។ ចំពោះរឿងរ៉ាវសាវតារល្បែងស្ដេចចង់នេះ មានសេចក្ដីដំណាលថា សម័យថ្ងៃមួយ ព្រះបាទឥន្រ្ទបត្ដបុរី ក្នុងឱកាសព្រះរាជពិធីមួយ ដែលមានក្រុមញាត្ដិវង្ស និងមហាមន្ដ្រីជាច្រើន ព្រះរាជា ទ្រង់ក៏បានប្រឌិតល្បែងនេះទ្បើង ដើម្បីជាការកម្សាន្តសប្បាយ ហើយក៏ត្រូវបានប្រជារាស្ត្រ លេងត្រាប់តាម រហូតមកដល់សព្វថ្ងៃនេះ។   ចំពោះអត្ថន័យនៃល្បែងនេះ លោក រត្ន័ សណ្ដាប់ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ បានបញ្ជាក់ថា គឺបង្កប់នូវការអប់រំ ឲ្យយើងចេះជ្រើសរើសមេដឹកនំារបស់ខ្លួនឲ្យបានត្រឹមត្រូវ បង្ហាត់ចិត្ដមនុស្សឲ្យចេះប្រកាន់នូវពាក្យ «សច្ចៈ យុត្ដិធម៌ និងត្រឹមត្រូវ»។  ៦. ល្បែងទាញព្រ័ត្រ   ល្បែងទាញព្រ័ត្រ គឺជាល្បែងដ៏មានប្រជាប្រិយភាព ដែលគេលេងជាទូទៅទាំងសាកលលោក ហើយមានទំនាក់ទំនង នឹងវប្បធម៌ប្រពៃណីខ្មែរ ដែលមានចម្លាក់ជាតឹកតាងស្រាប់ ទាក់ទងនឹងរឿងកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹត នៅលើប្រាង្គប្រាសាទបុរាណនានា។  លោក ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា តាមរយៈកម្ពុជាថ្មី បានឱ្យដឹងថា ល្បែងទាញព្រ័ត្រនេះ មិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងចង់បង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿង កូរសមុទ្រទឹកដោះយ៉ាងដូច្នេះដែរ ព្រោះថា ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ គឺត្រូវរួមកម្លាំងគ្នា។ ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលជា បេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង