អភិបាលរាជធានីភ្នំពេញបញ្ជាឲ្យឃាត់យានជំនិះ និងម្ចាស់តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ បើសិនហ៊ានបំពានបំរាម
TNM(ភ្នំពេញ) ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ឲ្យឃាត់យានជំនិះ និងម្ចាស់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះរៀងៗខ្លួន បើសិនហ៊ានបំពាននឹងបំរាម ដែលបានដាក់ចេញចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។
តាមរយៈសារសំឡេង នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង នៅពេលដែល ម្ចាស់យានជំនិះទាំងនោះ កំពុងធ្វើចត្តាឡីស័ក។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ គ្រប់១៤ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»៕