រដ្ឋបាលខេត្តក្រចេះបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac ក្នុងក្របខ័ណ្ឌទូទាំងខេត្ត
TNM(ខេត្តក្រចេះ) ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត នាព្រឹកថ្ងៃហស្បតិ៍ ៤រោច ខែចែត្រឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តបានដឹកនាំថ្នាក់ដឹកនាំខេត្តចុះពិនិត្យការវ៉ាកសាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលជាការចាក់ជំហ៊ានទី២ បន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម ជូនមន្ត្រីរាជការ និងពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្ត។
តាមការបញ្ជាក់ពីឯកឧត្តមកអភិបាលខេត្តបានឱ្យដឹងថា «វ៉ាក់សាំងការពារកូវីដ-១៩ ដែលមានឈ្មោះថា Sinovac នេះដែរ គឺជាការចាក់ជំហ៊ាន២ សម្រាប់ខេត្តក្រចេះ ដោយជំហ៊ាន១ ចាក់វ៉ាក់សាំង ស៊ីណូហ្វាម ចាក់បានចំនួន ៣,៥៩០នាក់ ហើយលើកនេះ គឺចាក់ទាំង៦ ស្រុក ក្រុង មាន១១ទីតាំង លើ១២ក្រុម ដោយទីតាំងនៅរដ្ឋបាលខេត្តមានការចាក់ជា២ក្រុមផងដែរ ហើយតាមផែនការគឺចាក់១ថ្ងៃ បានចំនួន ២៥០នាក់»។
ឯកឧត្តមបន្តថា ក្នុងដំណើរនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជំហ៊ាន២នាពេលព្រឹកនេះ គឺសំដៅលើមន្រ្តីរាជការជាមុនសិនមានដូចជា បុគ្គលិកសិក្សា (គ្រូបង្រៀន) ក្រុមប្រឹក្សាខេត្ត មន្រ្តីសាលាខេត្ត មន្រ្តីអគ្គិសនី និងមន្រ្តីរបស់សុខាភិបាលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមិនទាន់បានចាក់នៅលើកទី១។ ឯកឧត្តមបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមិនមានផលប៉ះពាល់ដល់សុខភាពអ្វីទេ តែគ្រាន់តែអ្នកបានចាក់ ត្រូវតមតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ជាមួយនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងជំនួសឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ សូមថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែគិតគូរ និងរិះរកគ្រប់មធ្យោបាយដើម្បីប្រទេសជាតិ និងដើម្បីសុខទុក្ខ និងសុខមាលភាព សុខភាព ដល់មន្រ្តីក្នុងជួររដ្ឋាភិបាល រហូតដល់មន្រ្តីថា្នក់ក្រោម និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអី្វទាំងអស់ ខិតខំនូវគ្រប់រូបភាពដើម្បីរកទិញវ៉ាក់សាំង និងរកជំនួយបន្ថែមពីអង្គការសុខភាពពិភពលោក ដែលបានផ្តល់នាពេលកន្លងមកដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើ។ លើសពីនេះឯកឧត្តមបានអំពោវដល់មន្រ្តីរាជការ កងកម្លាំទាំងបីប្រភេទបន្តខិតខំអនុវត្តឲ្យបានម៉ត់ចត់បំផុតនូវវិធានរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ និងអនុវត្តន៍ឲ្យបានជាដាច់ខាតនូវ ៣កុំ និង៣ការពារ៕