ស្មៀនឃុំអូរបីជាន់ រងការរិ:គន់ពីព្រជាពលរដ្ឋករណីចាក់ដីរំលោភលើដីចំណីអូរ ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាបានចាក់ដីរំលោភបំពានចូលដីចំណីអូរធ្វើកម្មសិទ្ធិរបស់ខ្លួន។ ក្នុងនាមជាអាជ្ញាធរអនុវត្តច្បាប់ តែបែរបំពានច្បាប់ តើឱ្យប្រជាពលរដ្ឋសង្ឃឹមអី..? នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…។ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិ បានរិះគន់លោក និត វុទ្ធី ស្មៀនឃុំអូរបីជាន់ ថាបានរំលោភបំពានយកដីចំណីអូរនៅគល់ស្ពានអូរបីជាន់ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ លោក ស្មៀនឃុំអូរបីជាន់ រូបនេះ បានចាក់អាចម៌ដីហូរធ្លាក់ចូលអូរឡូយចូលដីចំណីស្ពាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ប្រវែងប្រហែល១០០ម៉ែត្រ និងបានចាក់ដីលុបប្រឡាយទឹកហូរដោយមិនមានការដាក់លូធ្វើមុខទឹកឡើយ។ បន្ថែមលើនេះ ប្រជាពលរដ្ឋ បានសំណូមពរទៅមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សូមចុះមកត្រួតពិនិត្យករណីខាងលើនេះផង ព្រោះបើមន្ត្រីមូលដ្ឋានប្រើសិទ្ធិរំលោភបំពានច្បាប់បែបនេះហើយ គឺមានតែថ្នាក់ដឹកនាំស្រុកទេដែលអាចចាត់វិធានការ បុគ្គលរូបនេះបាន។ ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ លោក និត វុទ្ធី ស្មៀនឃុំអូរបីជាន់ បានបញ្ជាក់ថា ការដែលលោកចាក់ដីនេះ គឺលោកចាក់តាមប្លង់កម្មសិទ្ធិរបស់លោក ទំហំជាង១ហិកតាកន្លះប៉ុណ្ណោះ មិនបានរំលោភយកដីចំណីអូរ ឬដីអូរដូចការរិះគន់នោះឡើយ។ លោកបញ្ជាក់ថា ផ្នែកខាងក្រោយដីខាងលិចដែលឃើញចាក់អាចម៍ដីជាប់អូរ ហៀរអាចម៌ដីជ្រុះចូលអូរនោះ ជាដីស្រះទឹកដែលលោកបានជីកជាប់អូរ ហើយការចាក់ដីនោះ គឺចាក់ដីចេញពីចំណុចអ័ក្ស អូរប្រវែង១៥ម៉ែត្រតាមប្លង់កម្មសិទ្ធិរបស់លោកប៉ុណ្ណោះ។ ចំណែកនៅឯខាងត្បូងជាប់ស្ពាន បើជំនាញពិនិត្យឃើញថាចូល នោះលោកនឹងកាយចេញវិញ ហើយនៅខាងមុខតាមបណ្តោយផ្លូវជាតិលេខ៥៨ ពេលចាក់ដីរួចលោកនឹងដាក់ប្រព័ន្ធលូរំដោះទឹកមិនធ្វើឱ្យស្ទះទឹកលិចផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេ ។ ទោះយ៉ាងណា បើតាមការពិនិត្យជាក់ស្ដែង ការចាក់ដីរបស់លោកស្មៀននេះ ពិតជាមានផលប៉ះពាល់ដល់ដីចំណីអូរពិតមែន ពោលគឺមិនដូចសម្ដីលោកស្មៀនឃុំឆ្លើយដោះសារនោះឡើយ។ ដោយការមើលឃើញពីផលប៉ះពាល់បែបនេះហើយ ទើបមានប្រតិកម្មពីប្រជាពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាឃុំនោះ។ យោងតាមការទម្លាយពីមន្ត្រីរដ្ឋបាលឃុំ បានឱ្យដឹងថា ស្មៀនឃុំ រូបនេះ ពង្រីកអំណាចខ្លួនធំជាងលោកមេឃ។ទៅទៀត បើស្មៀនឃុំនេះចង់ធ្វើអ្វីមួយ គឺមិនចេះពិគ្រោះយោបល់ជាមួយមន្ត្រីក្រុមប្រឹក្សាឃុំទេ គឺធ្វើអ្វីទំនេីងស្រេចតែចិត្តខ្លួនឯង។ ឯរឿងចាក់ដីនេះក៏ដូចគ្នាដែរ បើមន្ត្រីក្រុមប្រឹក្សាឃុំបានដឹង គឺមិនអនុញ្ញាតឱ្យចាក់ហៀរហូរលុបអូរធម្មជាតិអ៊ីចឹងទេ ខណៈដំណឹងចុងក្រោយដែល TNM ទទួលបាន គឺលោកស្មៀនឃុំអូរបីជាន់រូបនេះ ត្រូវបានថ្នាក់លេីដកបញ្ឈរជើងជាបណ្តោះអាសន្នហើយ…៕ សម្រួលដោយ ទៀង បុណ្ណរី