ពលរដ្ឋឆ្លងកាត់ផ្លូវជាតិលេខ៥៦ ឆ្ងល់មន្ត្រីតំបន់នោះហេតុអ្វីមើលមិនឃើញឡានដឹកទំនិញកែច្នៃតាមដងផ្លូវយ៉ាងគគ្រឹកគគ្រេង
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៥៦ ពីស្រុកថ្មពួក និងស្រុកស្វាយចេក ចូលក្រុងសិរីសោភ័ណ មានការឆ្ងល់ជាខ្លាំងក្រោយឃើញមន្ត្រីជំនាញដែលត្រួតពិនិត្យតំបន់នោះមិនមានវិធាការចាប់ឃាត់រថយន្តឈ្មួញកែច្នៃដឹកទំនិញចូលពីព្រំដែនយ៉ារលូនហើយមួយយប់ៗមិនក្រោមពី២០ឡាននោះទេ …។ ប្រជាពលរដ្ឋបានឱ្យដឹងថា ជារឿយៗពួកគាត់តែងតែឃើញមានឈ្មួញប្រើប្រាស់រថយន្តចាស់កែច្នៃតទ្រុងឡើងលើខ្ពស់ៗដឹកទំនិញសំពីងសំពោងខុសបច្ចេកទេស ដែលមើលទៅពិតជាប៉ះពាល់សណ្តាប់ធ្នាប់ ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកធ្វើដំណើរថែមទៀតផង។ គាត់ថាឡានដែលកែច្នៃដឹកទំនិញនេះភាគច្រើនដឹកគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ចេញពីច្រកបន្ទាត់ព្រំដែនមកក្រុងសិរីសោភ័ណ ហើយដឹកដោយរលូនដោយមិនដឹងថាទំនិញទាំងនោះមានច្បាប់ឬអត់ច្បាប់យ៉ាងណានោះទេ។ ជុំវិញករណីនេះនៅយប់ថ្ងៃទី១៦ឈានចូល១៧ ខែមីនា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានក៏បានជួបឡានទាំងនោះ ព្រមទាំងបានសួរនាំអ្នកបើកបរបានឱ្យដឹងថា៖ ទំនិញដែលឈ្មួញរកស៊ីដឹកពេលយប់ភាគច្រើនជាទំនិញគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ដែលដឹកចេញពីច្រកតាមបន្ទាត់ព្រំដែនដឹកចូលមកក្នុងក្រុង១យប់ មិនតិចជាង១០ ទៅ២០ឡាននោះទេ។ គាត់ថា គាត់ដឹងតែបើកដឹកទេរាល់បញ្ហាផ្សេងៗគឺថៅកែនាក់ដោះស្រាយជាមួយមន្ត្រីជំនាញ ពោលម្ចាស់ទំនិញបានប្រាប់ថាគាត់ថាទំនិញដែលដឹកសំពីងសំពោងទាំងនោះបានបង់លុយរួចអស់ហើយ។ បន្ថែមលើសនេះគាត់ក៏បានឱ្យដឹងថាអ្វីដែលសំខាន់ការបង់នោះក៏ត្រូវមានខ្សែ និងសាច់ញាតិមានតួនាទីធំទើបអាចដឹកបានដោយរលូនបបែបនេះ។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋរស់នៅតំបន់នោះបានឱ្យដឹងថា ចំពោះករណីរថយន្តកែច្នៃដឹកទំនិញសំពឹងសំពោងដោយរលូននេះ សង្ស័យក្រុមឈ្មួញទាំងនោះមានខ្សែជាមន្ត្រីហើយទើបបានជាពួកគាត់ឃើញដឹងមករាប់ឆ្នាំហើយ ពោលគឺដឹកយ៉ាងរលូនតែដឹកបានតែពេលជិតរំលងអធ្រាត្រតែប៉ុណ្ណោះ។ ពលរដ្ឋថាការដឹកនេះគឺដឹកបន្តកន្ទុយគ្នា ហើយដូចជាគ្មានញញើតសមត្ថកិច្ចជំនាញឡើយ ទំនងជាសមត្ថកិច្ចទាំងនោះមើលមិនឃើញ ឬឃើញហើយងក់ក្បាលឱ្យទៅដោយគ្មាចំណាត់ការនោះទេ។ គួរបញ្ជាក់ផងដែរថា បើតាប្រជាពលរដ្ឋសមត្ថកិច្ចជំនាញភាគច្រើនបានចុះធ្វើការស្ទាក់ចាប់រថយន្តដឹកសំពីងសំពោងទាំងនោះដែរ តែចាប់ពេលថ្ងៃទើបមើលមិនឃើញ និងគ្មានវិធានការ លើរថយន្តដឹកទំនិញពេលយប់ទាំងនោះដោយបណ្តែតបណ្តោយឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់តាមដងផ្លូវបែបនេះ៕ សម្រួលដោយ ទៀង បុណ្ណរី