យ៉ាងហោចណាស់មនុស្ស ២២ នាក់ត្រូវបានសម្លា.ប់ក្នុងវត្តនៅមីយ៉ាន់ម៉ា
យ៉ាងហោចណាស់មនុស្ស ២២ នាក់ រួមទាំងព្រះសង្ឃបីអង្គ ត្រូវបានបាញ់សម្លាប់នៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន នេះបើយោងតាមរបាយការណ៍ចេញពីវេជ្ជបណ្ឌិត នៅក្នុងអ្វីដែលក្រុមប្រឆាំងនឹងការគ្រប់គ្រងយោធាចាត់ទុកថា ជាការសម្លាប់រង្គាលជនស៊ីវិលដែលធ្វើឡើងដោយកងទ័ព។ អ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា កងទ័ពរបស់ខ្លួនបានចូលរួមក្នុងការប៉ះទង្គិចជាមួយក្រុមឧទ្ទាមនៅតំបន់ Pinlaung នៃរដ្ឋ Shan ភាគខាងត្បូង ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលណាមួយឡើយ។ អ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា កងកម្លាំងការពារជាតិសាសន៍ Karenni (KNDF) និងក្រុមឧទ្ទាមមួយផ្សេងទៀតបានចូលទៅក្នុងភូមិ Nan Neint បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលបានមកដល់ដើម្បីផ្តល់សន្តិសុខជាមួយកងជីវពលប្រជាជនក្នុងតំបន់។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា៖ «នៅពេលដែលក្រុមភេរវករបានបើកការបាញ់ប្រហារដោយហិង្សា អ្នកភូមិមួយចំនួនត្រូវបានសម្លាប់ និងរងរបួស»។ ទោះយ៉ាងនេះក្ដី លោកមិនបានឆ្លើយតបទៅនឹងការហៅទូរសព្ទជាច្រើនលើកពីសារព័ត៌មានរ៉យទ័រសម្រាប់ការអត្ថាធិប្បាយបន្ថែមនោះទេ។ អ្នកនាំពាក្យរបស់ KNDF បានបង្ហាញថា ទាហានរបស់ខ្លួនបានចូលទៅក្នុងតំបន់ Nan Neint កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ហើយបានរកឃើញសាកសពដែលនៅរាយប៉ាយនៅវត្តព្រះពុទ្ធសាសនាមួយ។ វីដេអូ និងរូបថតដែលផ្តល់ដោយ KNDF និងក្រុមមួយទៀតគឺសហភាពបដិវត្តន៍ Karenni (KRU) បានបង្ហាញស្នាមរបួសដោយគ្រាប់កាំភ្លើងនៅដងខ្លួន នៅលើក្បាលនៃសាកសព និងរន្ធគ្រាប់កាំភ្លើងនៅតាមជញ្ជាំងវត្ត។ របាយការណ៍ក្រោយការធ្វើកោសល្យវិច័យរបស់បណ្ឌិត Ye Zaw ដែលជាផ្នែកមួយនៃរដ្ឋាភិបាលរួបរួមជាតិ ដែលជារដ្ឋបាលស៊ីវិលនិរទេសដែលត្រូវបានបង្កើតឡើងតាំងពីរដ្ឋប្រហារ បង្ហាញថា អាវុធស្វ័យប្រវត្តិទំនងជាត្រូវបានប្រើប្រាស់ក្នុងចម្ងាយជិតដើម្បីសម្លាប់មនុស្ស ២២ នាក់ រួមទាំងព្រះសង្ឃ ៣ អង្គ។ ចំណែកឯ របាយការណ៍មួយច្បាប់ដែលត្រូវបានពិនិត្យដោយរ៉យទ័របានបង្ហាញថា ៖«ពីព្រោះតែមិនមានឯកសណ្ឋានយោធា ឧបករណ៍ និងគ្រាប់កាំភ្លើងត្រូវបានរកឃើញនៅលើសាកសពដែលនៅសល់នោះ វាគឺជាភស្តុតាងដែលថាពួកគេកំណត់លើជនស៊ីវិល ហើយច្បាស់ណាស់ថានេះ គឺជាការសម្លាប់រង្គាល»។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងតំបន់យ៉ាងហោចណាស់ពីរសប្តាហ៍ ដោយសំណង់អាគារប្រហែល១០០ ត្រូវបានដុតបំផ្លាញនៅក្នុង និងជុំវិញកន្លែងនៃការសម្លាប់រង្គាលដែលត្រូវបានចោទប្រកាន់នៅទីក្រុង Nan Neint នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កងកម្លាំងតស៊ូ និងរូបភាពផ្កាយរណបដែលត្រូវបានផ្ទៀងផ្ទាត់ដោយ Myanmar Witness ដែលជាអង្គការមួយ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានជួបវិបត្តិចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដោយបញ្ចប់រយៈពេលមួយទសវត្សរ៍នៃជំហានបណ្តោះអាសន្នឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)ដែលទទួលបានរង្វាន់ណូបែល។ ចលនាតស៊ូប្រដាប់អាវុធបានផុសឡើងទូទាំងប្រទេស ដែលយោធាបានប្រឆាំងជាមួយនឹងកម្លាំងដ៏សាហាវ ហើយដាក់ស្លាកក្រុមអ្នកប្រឆាំងថា «ភេរវករ»។ កងកម្លាំងយោធាជនជាតិភាគតិចមួយចំនួនក៏បានប្រឆាំងនឹងរបបយោធាផងដែរ។ ជុំវិញវិបត្តិដ៏ឃោរឃៅនេះ លោក Aung Myo Min រដ្ឋមន្ត្រីសិទ្ធិមនុស្សនៅក្នុងរដ្ឋាភិបាលរួបរួមជាតិបាននិយាយថា របបយោធាបានបង្កើនប្រតិបត្តិការប្រយុទ្ធ និងវាយប្រហារក្រុមជនស៊ីវិលដែលគ្មានអាវុធយ៉ាងហោចណាស់បួនករណីក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតថា ៖«វាច្បាស់ណាស់ថាយុទ្ធសាស្ត្ររបស់របបយោធាគឺសំដៅលើជនស៊ីវិល ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ ទោះបីជាយ៉ាងណាក៏ដោយ របបយោធាបានបដិសេធថា ខ្លួនមិនបានដាក់គោលដៅលើជនស៊ីវិលនោះទេ ដោយអះអាងថា កងទ័ពរបស់ខ្លួនគ្រាន់តែឆ្លើយតបទៅនឹងការវាយប្រហារដោយ «ភេរវករ» ប៉ុណ្ណោះ។ គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៣១៣៧ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយយោធាចាប់តាំងពីការធ្វើរដ្ឋប្រហារ នេះបើយោងតាមសមាគមជំនួយមិនស្វែងរកប្រាក់ចំណេញសម្រាប់អ្នកទោសនយោបាយ។ អង្គការសហប្រជាជាតិបានចោទប្រកាន់របបយោធាពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី