ពលរដ្ឋថាមន្ដ្រីម្នាក់អាងអំណាចចាក់ដីរំលោភមាត់អូរធ្វើជាកម្មសិទ្ធិ ខណៈម្ចាស់ដីអះអាងថាធ្វើតាមប្លង់
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដែលប្រជាពលរដ្ឋស្គាល់ថាជាមន្ត្រីរាជការ អាងអំណាចរបស់ខ្លួនធ្វើការចាក់ដីរំលោភយកចំណីមាត់អូរយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទីតាំងនៅចំណុចគល់ស្ពានថ្ម តាមបណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានឱ្យដឹងថា មួយរយៈចុងក្រោយនេះពួកគាត់បានសង្កេតឃើញថា មានម្ចាស់ដីមួយកន្លែងដែលមានដីជាង១ហិកតា នៅជាប់អូរក្បែគល់ស្ពានថ្ម បានចាក់ដីរំលោភយកដីចំណីមាត់អូរប្រមាណជិត១០០ម៉ែត្រធ្វើជាកម្មសិទ្ធិដែលធ្វើឱ្យបាត់បង់ប្រព័ន្ធទឹក។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរឃុំអូរបីជាន់ និងស្រុកអូរជ្រៅមេត្តាចុះមកពិនិត្យមើលផង ខណៈពេលដែលបុគ្គលម្នាក់នោះបានយកអំណាចជាមន្ត្រីរាជការធ្វើការចាក់ដីរំលោភយក ចំណីមាត់អូរធ្វើជាកម្មសិទ្ធិដែលល្មើសច្បាប់។ ពលរដ្ឋដដែលបន្តថា «នេះជាមន្ត្រីជានាក់ចាក់រំលោកប្រសិនជារាស្គ្រវិញគឺមិនអាចធ្វើបានទៅរួចនោះទេ »។ យ៉ាងណាមិញ ជុំវិញករណីចាក់ដីរំលោភចំណីអូរជាប់ក្បាលស្ពានថ្មនេះ ម្ចាស់ដីបានឱ្យដឹងថា ការចាក់ដីគឺគាត់ចាក់បំពេញតាមប្លង់កម្មសិទ្ធិលើផ្ទៃដីជាង១ហិកតារបស់គាត់ ពោលគឺមិនបានចាក់លុបរំលោភយកដីមាត់អូរនោះឡើយ ហើយការចាក់អាចម៍ដីនេះគឺគាត់ចាក់ចេញពីចំណុចកណ្តាលនៃអូរប្រវែង១៥ម៉ែត្រទៀត។ ម្ចាស់ដីរូបនោះបន្តថា ដីដែលគាត់ចាក់ហៀរចូលអូរគាត់នឹងកាយចេញវិញ រីឯដីដែលចាក់ស្របតាមផ្លូវជាតិលេខ៥៨ នៅគល់ស្ពានថ្មនោះក្រោយចាក់ហើយគាត់នឹងកាយដាក់ប្រព័ន្ធលូ ដើម្បីរំដោះទឹក ពោលគាត់មិនបានរំលោភយកដីចំណីមាត់អូរដូចការចោទប្រកាន់នោះឡើយ គឺគាត់ចាក់តាមប្លង់តែប៉ុណ្ណោះ៕ សម្រួលដោយ ទៀង បុណ្ណរី