សហគមន៍កសិកម្មក្រាំងលាវសាមគ្គីបានប្រមូលផលស្រូវសែនក្រអូបប្រមាណជាង៧០តោនក្នុង១រដូវ
សហគមន៍កសិកម្មក្រាំងលាវសាមគ្គីបានប្រមូលផលស្រូវសែនក្រអូបប្រមាណជាង៧០តោនក្នុង១ រដូវ ខណៈការប្រមូលផលស្រូវនេះមានចន្លោះពីខែវិច្ឆិកាដល់ខែធ្នូសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោក ម៉ៅ សារឹម ប្រធានសហគមន៍ក្រាំងលាវបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រៅពីការដាំដំណាំបន្លែសុវត្ថិភាព និងចិញ្ចឹម សត្វ ខាងសហគមន៍ក៏មានការដាំ ស្រូវបន្ថែមទៀត សម្រាប់ផ្គង់ផ្គង់ទីផ្សារតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។លោកបានបន្តថា បច្ចុប្បន្នខាងសហគមន៍កំពុងមមាញឹមលើការរៀបចំផែនការសម្រាប់ការដាំដុះស្រូវ ការជ្រើសរើសជី ការជ្រើស រើសប្រភេទពូជស្រូវ។ក្នុងនោះដែរសហគមន៍ក៏មានដាំស្រូវចំនួនពីប្រភេទរួមមាន៖ ស្រូវរំដួលក្រហម និងស្រូវរំដួលស ដែលអាចប្រមូលផលបានពីចន្លោះខែវិច្ឆិកា ដល់ខែធ្នូ និងអាចប្រមូលផលបានប្រមាណជាង៧០តោន ដែលបានដាំជាមួយ នឹងបន្លែសុវត្ថិភាពចម្រុះ ក្នុងទំហំ ផ្ទៃដី២៥០ហិកតា។លោកបានបន្ថែមថា ទោះបីជាក្នុងឆ្នាំនេះ មានការប្រែប្រួលអាកាសធាតុបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែបញ្ហានេះមិនធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការប្រមូលផលស្រូវនោះទេ ដោយ សារតែសហគមន៍មានការជ្រើស រើសប្រភេទពូជស្រូវបានត្រឹមត្រូវ និងជាប្រភេទពូជស្រូវសុទ្ធ ដែលធ្វើឱ្យស្រូវលូតលាស់បានល្អ និងធន់នឹងអាកាសធាតុ ។លោកបានបញ្ជាក់បន្ថែមទៀតថា មុននឹងធ្វើការបង្កបង្កើនផលស្រូវ ប្រជាកសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធ ទើបអាចធ្វើឱ្យស្រូវអង្ករទទួលបានតម្លៃល្អ ជាពិសេសមុននឹងដាំដុះបាន ត្រូវសិក្សារកទីផ្សារជាមុនសិន ទើបមិនធ្វើឱ្យសល់ជន់ជោរច្រើន និងមិនខាតបង់ថវិកា ។ « សម្រាប់ខ្ញុំផ្ទាល់ខ្ញុំចង់ឲ្យប្រជាកសិករយើងដាំពូជណាគឺដាំពូជនឹងឱ្យមានភាពសុទ្ធល្អ ដូចពូជសែនក្រអូបអ៊ីចឹងយើងជ្រើសរើសពូជណាដែលមានភាពសុទ្ធល្អ យើងយកទៅដាំ សម្រាប់លក់ទៅលក់នៅរោងម៉ាស៊ីនឬក្រុមហ៊ុនទេ គឺគេត្រូវការស្រូវដែលមានគុណភាពសុទ្ធ អ៊ីចឹងពេលដែលគេយកទៅកិនជាអង្ករក៏គេលក់បានអង្គរតម្លៃថ្លៃ កាលណាដែលយើងដាំស្រូវផលិតស្រូវ ដែលមិនសុទ្ធ ក្រុមហ៊ុន ឬក៏រោងម៉ាស៊ីន គាត់យកស្រូវទៅកិន ចេញជាអង្ករមកក៏វាមិនសុទ្ធដូចគ្នា ធ្វើឱ្យតម្លៃអង្គរធ្លាក់ចុះតម្លៃស្រូវក៏ត្រូវធ្លាក់ចុះដែរ »។ សូមបញ្ជាក់ថា សហគមន៍កសិកម្មក្រាំងលាវសាមគ្គីមានទីតាំងស្ថិតនៅ ភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្តកំពងឆ្នាំង់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១២ និងមានសមាជិក២៥០គ្រូសារ៕ សម្រួលដោយ ទៀង បុណ្ណរី