បុរសចិន៣នាក់ ទើបដកលុយ៣ម៉ឺនដុល្លារទុកក្នុងរថយន្តហើយចូលផឹកស៊ី ត្រូវចោរវា.យកញ្ចក់ឡានលួចគ្មានសល់
ភ្នំពេញ៖ ជនជាតិចិនចំនួន៣នាក់ទើបមកពីដកលុយនៅធនាគារ រួចទុកក្នុងរថយន្តមុខហាងផឹកស៊ីមួយកន្លែង ខណៈកំពុងផឹកស៊ីមានជនសង្ស័យវា.យបំបែកកញ្ចក់រថយន្ត រួចយកលុយអស់៣ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅមុខហាងស៊ីឈួន ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តដែលត្រូវជនសង្ស័យវាយកញ្ចក់យកលុយអស់៣ម៉ឺនដុល្លារនោះ ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AI-1677 ។ តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជាអ្នកបកប្រែភាសាចិនបានឱ្យដឹងថា នៅមុនពេលកើតហេតុជនជាតិចិនទាំង៣នាក់ទើបតែមកពីដកលុយនៅធនាគារកាណាឌីយ៉ា ដោយទុកលុយនៅក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅ ហើយទុកលុយនៅក្នុងរថយន្ត។ បន្ទាប់មកពួកគាត់បាននាំគ្នាទៅហាងផឹកស៊ីយីហោ «ស៊ីឈួន» ដោយទុករថយន្តនៅខាងមុខហាង ខណៈពេលជនជាតិចិនទាំង៣នាក់កំពុងតែផឹកស៊ីបានមួយសន្ទុះធំ ហើយស្រវឹងស្រឿងៗក៏បានចេញមកខាងក្រៅ ស្រាប់តែឃើញរថយន្ដរបស់គាត់ត្រូវជនសង្ស័យវាយកម្ទេចកញ្ចក់មួយផ្ទាំងផ្នែកខាងឆ្វេង ហើយក៏ទៅមើលលុយដែលទុកក្នុងរថយន្តស្រាប់តែបាត់អស់រលីង រួចក៏ប្តឹងទៅសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យភ្លាមៗតែម្តង។ បន្ទាប់ពីទទួលព័ត៌មានពីជនរងគ្រោះភ្លាមៗ ខាងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើម្បីជួយអន្តរាគមន៍ភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានសួរនាំពីជនរងគ្រោះ និងនាំគ្នាឆែកមើលកាមេរ៉ាសុវត្ថិភាពនៅចំណុចកើតហេតុខាងលើរួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីមានវិធានការស៊ើបសង្កេតស្វែងរកជនសង្ស័យ យកមកផ្តល់ផ្តន្ទាទោសតាមច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី