អ្នកជំនាញអះអាងថាតំបន់អាស៊ីប្រឈមនឹងកង្វះខាតកម្លាំងពលកម្មដែលអាចបំពេញតួនាទីផ្នែកបច្ចេកវិទ្យាទំនើបៗដែលកំពុងរីកចម្រើន

តំបន់អាស៊ីទំនងជាអាចជួបការលំបាក ពាក់ព័ន្ធនឹងការខ្វះខាតកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតួនាទីក្នុងវិស័យបច្ចេកវិទ្យាទំនើបៗចុងក្រោយនៅតាមក្រុមហ៊ុនធំៗក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការអះអាងពីអ្នកជំនាញក្នុងក្រុមហ៊ុនប្រឹក្សាធនធានមនុស្សធំមួយរបស់ប្រទេសអូស្ត្រាលី។   លោក Peter Bithos នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សា​ធនធាន Seek Asia បាននិយយាថា៖ «អ្វី​ដែល​យើង​កំពុង​​ឃើញនៅពេលនេះ ​គឺ​កង្វះខាតការរៀបចំ​រចនា​សម្ព័ន្ធ​ដ៏​ធំមួយ ទៅតាម​ប្រភេទនៃ​ទេពកោសល្យ​របស់កម្មករដែលកំពុងមានតម្រូវការក្នុងទីផ្សារ​កម្លាំង​ពលកម្មបច្ចុប្បន្ន»។  លោក Bithos បានលើកឡើងថា៖​«លោកបានមើលឃើញពីកង្វះខាតនេះ ដោយសារតែ មានក្រុមហ៊ុនបច្ចេកវិទ្យានានា​ បានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនលោក ដើម្បីស្វែងរកបុគ្គលិកជំនាញ ដែលបើធ្វើការប្រៀបធៀបទៅគឺ បានកើនឡើង៦៦ភាគរយ»។  បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google, Amazon និង Apple ជាដើមសុទ្ធតែបានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់នៅដើមឆ្នាំ២០២៣នេះ ប៉ុន្តែអ្នកជំនាញមើលឃើញថា នៅមានក្រុមហ៊ុនដទៃទៀត ដែលមិនមែនជាក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាធំៗដូច Google ឬ Amazon នោះទេ តែពួកគេក៏ត្រូវការអ្នកជំនាញមួយចំនួនផងដែរ ពិសេសគឺក្នុងតំបន់អាស៊ី ដែលកំពុងមាននិន្នាការក្រុមហ៊ុន Startup ជាច្រើន។ ក្នុងន័យនេះគឺការងារបច្ចេកវិទ្យានៅទូទាំងតំបន់អាស៊ីនៅតែរឹងមាំ ហើយមានតម្រូវការខ្ពស់ខ្លាំងណាស់។  ជាក់ស្តែង ការស្វែងរកការងារនៅលើគេហទំព័ររបស់ក្រុមហ៊ុន Seek Asia បានបង្ហាញថា មានការងារពាក់ព័ន្ធបច្ចេកវិទ្យាចំនួនជិត៦ម៉ឺនកន្លែងកំពុងត្រូវការបុគ្គលិក។ ក្នុងនោះភាគច្រើនជាការងារស្ថិតក្នុងប្រទេសកំពុងរីកចម្រើនក្នុងតំបន់ មានដូចជា ក្រុងហុងកុង ប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសថៃ។ ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលីមួយនេះអះអាងថា ទន្ទឹមនឹងតម្រូវការកម្លាំងពលកម្មកើនឡើង អ្នកដាក់ពាក្យមកក្នុងវិស័យមួយនេះក៏បានកើនឡើង ១៤ភាគរយដូចគ្នា។ នេះប្រហែលជាដោយសារក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅអឺរ៉ុប និងអាម៉េរិក បានលកាត់បន្ថយបុគ្គលិកក្នុងចំនួនច្រើន។  បើតាមក្រុមហ៊ុន Seek Asia ដដែល ការងារសម្រាប់បុគ្គលិកដែលត្រូវបានគេកាត់បន្ថយពីមុនមក គឺនៅមានច្រើន គ្រាន់តែក្រុមហ៊ុនថ្មីៗទាំងនោះអាចមិនមែន ជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចនៅប្រទេសលោកខាងលិច៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង