ប្រើជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ដអ្នកដំណើរនគរបាលចាប់បាន៣នាក់
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ខេត្តគំពង់ស្ពឺ បានស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ទាប់ពីប្រើជំពាមកៅស៊ូ និងដុំថ្មបាញ់លើរថយន្ដរបស់អ្នកដំណើរបណ្ដាលឲ្យបែកកញ្ចក់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤៤ ត្រង់ចំណុចគីឡូម៉ែត្រ ៣៦-៣៧។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទី១ ឈ្មោះ សុខ រឹម ភេទប្រុស អាយុ២០ឆ្នាំ។ ទី២ ឈ្មោះ ណាង ចិន្ដា ភេទប្រុស អាយុ១៩ឆ្នាំ។ និងទី៣ ឈ្មោះ វ៉េត សាវិន ភេទប្រុស អាយុ១៩ឆ្នាំ។ អ្នកទាំង៣រស់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងរបាយការណ៍បញ្ជាក់ថា ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន២គ្រឿង ម៉ាកអ៊ិចស៊ីទ័រ ពណ៌ខៀវគ្មានឯកសារ មួយគ្រឿង និងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ1I_4633 និងឆែករកឃេីញឧបករណ៍សម្ភារៈរួមជាមួយកូនកាំបិតចុងស្រួច០១ដើម ជំពាមកៅស៊ូ០២ គ្រាប់ជំពាម០៤គ្រាប់ ដុំថ្មច្រកថង់។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរពិតប្រាកដមែន លើសពីនោះធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនដើម្បីបន្ដនីតិវិធី។ សូមបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីម្ចាស់រថយន្ដតាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager ថា មានក្រុមក្មេងទំនើង បានយកគ្រាប់ដែកបាញ់មកលើរថយន្ដខ្លួនកំពុងតែធ្វើដំណើរលើផ្លូវជាតិលេខ៤៤។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ក៏បានដេញស្ទាក់ចាប់ឃាត់ខ្លួនក្រុមមុសញ្ញាទាំងនេះបានតែម្ដង៕ សម្រួលដោយ ទៀង បុណ្ណរី