ស្ត្រីដែលកាយយកស.ពទារកក្នុងផ្ទៃដោយទាំងពោះវៀន ពេលនេះទទួលម.រណភាពហើយ
ភ្នំពេញ៖ ស្ត្រីដែលពេទ្យឯកជនមួយកាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន បានទទួលមរណភាពនាម៉ោង៣ភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមការបញ្ជាក់របស់ស្វាមីជនរងគ្រោះថ្លែងប្រាប់ នាព្រឹកនេះថា៖។តាំងពីអ្នកជំងឺត្រលប់មកពីថៃវិញ គាត់បានបន្ដមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយគិតត្រឹមថ្ងៃទី១០ មីនា គ្រូពេទ្យបានបញ្ជូលឈាម៥ដងជូនដល់គាត់ ដោយសារតែការផលិតគ្រាប់ឈាមរបស់អ្នកជំងឺមិនបានគ្រប់គ្រាន់។ មុនស្ត្រីម្នាក់នេះទទួលមរណភាព លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា វាជាផលលំបាកដោយសារតែអ្នកជំងឺអស់ពោះវៀន ថ្លើមខ្សោយ ការរលាកជាប្រចាំ ដូច្នេះការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងខ្នងក៏មិនបានគ្រប់គ្រាន់ ដែលបណ្ដាលឱ្យស្ថានភាពទូទៅរបស់អ្នកជំងឺខ្សោយចុះជាលំដាប់។ គួររំលឹកផងដែរថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕ សម្រួលដោយ ទៀង បុណ្ណរី