អ្នកផលិតអំបិលបានលើកឡើងថា៖ ឆ្នាំនេះ កម្ពុជា អាចខ្វះអំបិលផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដូចឆ្នាំមុន សេដ្ឋកិច្ច ចេញផ្សាយ ថ្ងៃទី 15 ខែ មីនា ឆ្នាំ 2023 47 អ្នកផលិតអំបិល នៅខេត្តកំពត បានលើកឡើងថា ការផ្គត់ផ្គង់អំបិលក្នុងស្រុកឆ្នាំនេះ ទំនងជាខ្វះខាតដូចឆ្នាំមុន ព្រោះការប្រមូលផលយឺតយ៉ាវ ដោយសារកត្តាអាកាសធាតុ។ អ្នកស្រី ខេង សុផល អ្នកផលិតអំបិលនៅខេត្តកំពត បានលើកឡើងថា ការប្រមូលផលអំបិលទើបតែបានចាប់ផ្តើមនៅខែ មីនានេះ ដោយសារមេឃភ្លៀងជាបន្តបន្ទាប់ បង្កឱ្យមានការយឺតយ៉ាវក្នុងការប្រមូលផល។ ជាទំលាប់ការប្រមូលផលអំបិល ត្រូវចាប់ផ្តើមពីចុងខែ ធ្នូ ឬដើមខែ មករា ដល់ខែឧសភា នៃឆ្នាំនីមួយៗ។ នេះជាការបញ្ជាក់អ្នកស្រី ខេង សុផល។ អ្នកផលិតអំបិលរូបនេះ បានលើកឡើទៀតថា ឆ្នាំនេះ ហាក់មានសភាពស្ទើរតែយ៉ាប់យ៉ឺនជាងឆ្នាំមុនទៅទៀត។ អ្នកស្រីលើកឡើងថា ឆ្នាំមុន ខែ១ ឬខែ២ អាចប្រមូលផលអំបិលបានហើយ ដោយឡែកឆ្នាំនេះ អាកាសធាតុមិនអំណោយផល មានភ្លៀងធ្លាក់ជាហូរហែ ធ្វើឱ្យការប្រមូលផលត្រូវពន្យារដល់ដើមខែបី។ អ្នកស្រី សង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ ប្រសិនបើអាកាសធាតុល្អ ការប្រមូលផលនឹងបានល្អប្រសើរ ប៉ុន្តែបើសិនជាមេឃនៅបន្តភ្លៀង អំបិលឆ្នាំនេះ នឹងខ្វះការផ្គត់ផ្គង់ច្រើនជាងឆ្នាំមុនទៅទៀត។ អ្នកស្រី សុផល បានលើកឡើងដូច្នេះថា« បើសិនជាអាកាសធាតុល្អ មួយឆ្នាំអាចប្រមូលផលអំបិលបាន ១ម៉ឺនតោន លើផ្ទៃដីជាង ២០០ហិកតា»។ ដូចគ្នានេះដែរ លោក តុង ក្លឹង អ្នកផលិតអំបិលមួយរូបទៀត បានឱ្យដឹងថា លោកប្រមូលផលអំបិលបានចំនួន ៦០-៧០ ភាគរយហើយ។ ទាក់ទងនឹងទិន្នផលថា តើឆ្នាំនេះ កម្ពុជា អាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ឬទេ? លោក ក្លឹង ឆ្លើយតបថា ការណ៍នេះ មិនអាចវាយតម្លៃបានទេ ដោយសារការធ្វើអំបិល គឺមើលទៅលើអាកាសធាតុ។ លោកថា បើអាកាសធាតុល្អ ការផលិតអំបិលក៏បានច្រើនទៅតាមនោះ តែបើមេឃភ្លៀង អំបិលនឹងរលាយ មិនអាចប្រមូលផលបានឡើយ។ បើតាមលោក តុង ក្លឹង កម្ពុជា ប្រើប្រាស់អំបិល ១០ម៉ឺនតោន ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០២២ ស្ថានភាពអាកាសធាតុមិនល្អ ធ្វើឱ្យកម្ពុជា នាំចូលអំបិលជាង ១០ម៉ឺនតោន ពីប្រទេសឥណ្ឌាមកផ្គត់ផ្គង់តម្រូវការ។ ដោយឡែកឆ្នាំនេះ មិនខុសពីឆ្នាំមុន លោក តុង ក្លឹង ព្យាករណ៍ថា កម្ពុជា នឹងខ្វះអំបិលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្តទៀត។ ការខ្វះខាតដោយសារ ដីស្រែអំបិលមួយចំនួន ដែលកសិករធ្លាប់ធ្វើកន្លងមក ទទួលបានផលពី ១០-១៥ម៉ឺនតោន ត្រូវទុកចោលមិនផលិតអំបិល និងអ្នកខ្លះទៀតលក់ដី ហើយអ្នកទិញដីនេះ ក៏ទុកដីឱ្យទំនេរចោលផងដែរ។ លោក ក្លឹង មានដីផលិតអំបិល ៤០ ហិកតា បើមេឃធម្មតា អាចប្រមូលផលអំបិលបានចំនួន ២ពាន់តោន ស្មើនឹង ៤ម៉ឺនបាវ(១បាវ ៥គីឡូ)។ សម្រាប់តម្លៃ លោក តុង ក្លឹង បានឱ្យដឹងថា អំបិលលេខ១ មានតម្លៃ ២ម៉ឺនរៀល ក្នុងមួយបាវ(៥០គីឡូ), លេខ២ តម្លៃ ១៨.០០០រៀល, លេខ៣ តម្លៃ ១៥.០០០រៀល។លោក ប៊ុន ណារិន អ្នកផលិតអំបិលនៅខេត្តកំពតនេះដែរ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ កម្ពុជា ផលិតអំបិលបានប្រមាណតែ ៣ម៉ឺនតោនប៉ុណ្ណោះ តម្រូវឱ្យមានការនាំចូលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក។ បើតាមលោក ប៊ុន ណារិន ផ្ទៃដីផលិតអំបិលផ្លូវការ ដែលរដ្ឋទទួលស្គាល់នៅខេត្តកំពត មានចំនួនជាង ៣៧០០ហិកតា និងមានអ្នកផលិតចំនួន ២០០ក្រុម។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកផលិតអំបិលនៅសល់តែ ១៣៩ក្រុមប៉ុណ្ណោះ ដោយសារតែបញ្ហាអាកាសធាតុ បានធ្វើអ្នកផលិតមួយចំនួនខាតច្រើន ក៏បោះបង់មុខរបរនេះ ដោយងាកទៅប្រកបការងារផ្សេងជំនួសវិញ។ កម្ពុជា ផលិតអំបិលតាមបែបធម្មជាតិ ដែលធ្វើឱ្យអំបិលផ្ទុកទៅដោយសារធាតុសំខាន់ៗជាច្រើន ខុសពីអំបិលរ៉ែនៅក្រោមដី។ សារធាតុសំខាន់ៗ នៅក្នុងអំបិល រួមមាន ជាតិដែក កាល់ស្យូម ប៉ូតាស្សូម និងម៉ាញ៉េស្សូម ជាដើម ដែលជួយទ្រទង់ដល់ជីវិតមនុស្ស។ នេះជាការបន្ថែមរបស់លោក ប៊ុន ណារិន៕ សម្រួលដោយ ទៀង បុណ្ណរី 47 ចែករំលែក