ធី អាហ្គោ៖ ខ្ញុំពុំធ្លាប់ដឹងថាកម្ពុជាមានកីឡាប្រដាល់ និងក្បាច់គុនដ៏វិសេសវិសាលតាំងពីរាប់ពាន់ឆ្នាំមុននោះទេ

កីឡា៖ បន្ទាប់ពីបាន​​ទៅទស្សនា​កម្សាន្ត​តាម​ប្រាសាទ​នានា​ នៅ​ទឹកដី​ខេត្ត​សៀមរាប កាលពីម្សិលម៉ិញ អ្នកប្រដាល់សញ្ជាតិប្រេស៊ីល ធី អាហ្គោ បានឱ្យដឹងថា នេះជាដំណើរកម្សាន្តលើកដំបូងរបស់លោកដែលបានទៅដល់តំបន់ប្រាសាទអង្គរវត្ត ខណៈដែលលោកពុំធ្លាប់ដឹងថា កម្ពុជាមានក្បាច់គុនដ៏ល្អឯក និងពិសេសអស្ចារ្យបែបនេះ នោះទេ​។  តាមរយៈអ្នកបកប្រែក្នុងអំឡុងពេលលោកទៅទស្សនាប្រាសាទនានា ធី អាហ្គោបានលើកឡើងថា៖ «ខ្ញុំពិតជាមានមោទនភាពខ្លាំងពុំមានពាក្យថ្លែងឡើយ ខ្ញុំហាត់ក្បាច់គុនមួយនេះរយៈពេល១៨ឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនដែលបានដឹងនោះទេថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានកីឡាប្រដាល់ និងក្បាច់គុនដ៏វិសេសវិសាលតាំងពីរាប់ពាន់ឆ្នាំមុនបែបនេះ»។  អ្នកប្រដាល់រូបនេះ បន្ថែមទៀតថា៖ «កីឡាករប្រដាល់ជាច្រើននៅលើពិភពលោកក៏មិនបានដឹងនោះទេថា កម្ពុជាមានក្បាច់គុនដ៏ល្អឯក និងពិសេសអស្ចារ្យបែបនេះ។ នេះជាលើកដំបូងរបស់ខ្ញុំបានមកទស្សនាប្រាសាទអង្គរវត្ត ហើយក្នុងចិត្តក៏បានគិតថានឹងមកទស្សនាពេលក្រោយទៀត ព្រោះនេះជាកន្លែងដ៏អស្ចារ្យបំផុតមួយក្នុងលោក»។ ជាមួយគ្នានេះដែរអ្នកប្រដាល់សញ្ជាតិប្រេស៊ីលរូបនេះបញ្ជាក់ថា« ខ្ញុំនឹងប្តេជ្ញាចិត្តថា នឹងព្យាយាមផ្សព្វផ្សាយកីឡាគុនខ្មែរឱ្យពិភពលោកបានស្គាល់ជាដាច់ខាត»។ ដោយឡែកពាក់ព័ន្ធគម្រោងនៃការមកស្នាក់នៅប្រទេសកម្ពុជា ត្រូវបានលោក ស្រី ចាន់ថន អះអាងថា ធី អាហ្គោ នឹងត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដើម្បីមករៀបចំកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជា។ ដោយឡែកនៅពេល ធី អាហ្គោ ត្រលប់មកពីការប្រកួតនៅប្រទេសអាឡឺម៉ងវិញ លោកនឹងឱ្យក្រុមការងាររបស់លោកទៅទទួលគាត់ពីព្រលានយន្តហោះភ្នំពេញផងដែរ។  លោកស្រី ចាន់ថន បញ្ជាក់ថា«ខ្ញុំមិនស្ដាយថវិកា និងពេលវេលាដែលបានចំណាយសម្រាប់ការផ្សព្វផ្សាយគុនខ្មែររបស់យើងឡើយ ព្រោះខ្ញុំជឿថាមានតែខ្មែរខ្លួនឯងទេ ដែលស្រឡាញ់សម្បត្តិវប្បធម៌ អរិយធម៌ និងជាតិសាសន៍របស់ខ្លួន។ បើយើងមិនផ្សព្វផ្សាយ តើនរណាគេមកផ្សព្វផ្សាយឱ្យយើង? បងប្អូនមិនមាននរណាគេមកផ្សព្វផ្សាយឱ្យយើងឡើយ»។   សូមបញ្ជាក់ផងដែរថា លោកស្រី ចាន់ថន បាននាំកីឡាករសញ្ជាតិប្រេស៊ីលធី អាហ្គោ និងភ្នាក់ងាររបស់គាត់ទៅសិក្សាអំពីប្រវត្តិកីឡាប្រដាល់គុនខ្មែរនៅតាមជញ្ជាំងប្រាសាទនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង