ពលរដ្ឋមួយគ្រួសារកើតទុកមិនសុខចិត្តក្រោយឱ្យគេស្នាក់អាស្រ័យ ដល់ពេលកំណត់មិនព្រមចេញ
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋមួយគ្រួសារបានកើតទុកមិនសុខចិត្ត ខណៈម្ចាស់ដីចិត្តល្អឃើញគេក្រីក្រខ្វះខាតឱ្យដីស្នាក់នៅបណ្តោះអាសន្ន លុះចុងក្រោយពេលត្រូវការដីវិញបែរជាមិនព្រមចេញ។ ករណីនេះកើតឡើងនៅក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោក កែវ សុមេទ្ធអាយុ៦៩ឆ្នាំ និងប្រពន្ធឈ្មោះ ទេព សារឹម អាយុ៦១ឆ្នាំ ដែលអះអាងថាជាម្ចាស់ដីបានឱ្យដឹងថាគាត់បានទិញដីពីអ្នកភូមិទំហំ ១២០x ១៥០ម៉ែត្រ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០២។ លុះក្រោយមកស្រាប់តែមានបុរសម្នាក់ ឈ្មោះ ម៉ម មោប ហៅ ឆុំ មានប្រពន្ធឈ្មោះ អ៊ាន លាវ មានស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ បានមកសុំធ្វើរោងស្នាក់នៅលើកន្ទុយដីជាប់ និងមាត់ស្ទឹងជាបណ្តោះអាសន្ន។ ដោយមានអតីតមេភូមិឈ្មោះ អ៊ឹម ហែ ជាអ្នកទទួលដឹងឮ និងបានធ្វើកិច្ចសន្យាថា កំលុងពេលកំពុងស្នាក់នៅ បើម្ចាស់ដីត្រូវការឈូសឆាយ ដើម្បីបង្កបង្កើនផល ឬលក់ដូរឱ្យអ្នកផ្សេងបន្តទៀត អ្នកសុំស្នាក់នៅត្រូវប្រគល់ជូនគេវិញតាមតម្រូវការ។ លោក កែវ សុមេទ្ធបានបន្តថា ក្រោយមានការស្នាក់នៅពីមួយឆ្នាំទៅមួយឆ្នាំ ពួកគាត់តែងតែក្រើនរំលឹកដល់អ្នកសុំស្នាក់នៅឱ្យត្រៀមខ្លួនរុះរើចេញពីកន្ទុយដីរបស់គាត់ជារឿយៗ ប៉ុន្តែពួកគេមិនព្រមរើចេញទាល់តែសោះ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ គឺមានរយៈពេលជិត២០ឆ្នាំ ទើបពួកគាត់បានធ្វើលិខិត១ ច្បាប់ជូនដំណឹងដល់ប្ដីប្រពន្ធដែលស្នាក់នៅលើដីនោះ។ ដោយឡែកចំពោះ លោក ម៉ម មោប ហៅ ឆុំ បានឱ្យដឹងថារូបលោកមកស្នាក់នៅលើដីចំណីស្ទឹងប៉ុណ្ណោះ មិនបានមកសុំម្ចាស់ដីខាងលើស្នាក់នៅកន្ទុយដីរបស់គាត់ទេ គឺសុំអតីតមេភូមិ ឈ្មោះ អ៊ឹម ហែ ស្នាក់នៅ។ លុះក្រោយមករូបគាត់ក៏យកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅ ព្រោះជាដីចំណីស្ទឹង។ ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក កែវ ឆម ជាសមាជិកភូមិអូរអណ្តូងបានឱ្យដឹងថា ដីខាងលើនេះមិនមែនជាកន្ទុយដីរបស់លោក កែវ សុមេទ្ធទេ គឺជាដីចំណីស្ទឹងដូច្នេះអាជ្ញាធរមូលដ្ឋានមិនអាចហាមឃាត់ប្រជាពលរដ្ឋដែលស្នាក់នៅអាស្រ័យលើដីខាងលើនេះបានទេ។ ទន្ទឹមនឹងនោះ លោក អ៊ុន ភឿន មេភូមិអូរអណ្តូង ក៏បានអះអាងដែរថា ដីនេះមិនមែនជាកន្ទុយដីរបស់គ្រួសារ លោក កែវ សុមេទ្ធ និង ប្រពន្ធ នោះទេពោលគឺជាដីកម្មសិទ្ធិរបស់រដ្ឋ។ គួរបញ្ជាក់ថា បើតាមច្បាប់ភូមិបាល ម្ចាស់ដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវហើយព្រំដីនោះជាប់ជាមួយដីចំណីព្រែក ស្ទឹង បឹងបួ ពួកគេមានសិទ្ធិអាស្រ័យផលមើលថែរក្សាប្រសិនបើរដ្ឋត្រូវការយកមកបម្រើដល់ប្រយោជន៍សាធារណៈត្រូវប្រគល់ឱ្យវិញដោយគ្មានលក្ខខណ្ឌ៕ សម្រួលដោយ ទៀង បុណ្ណរី