ខួប១ឆ្នាំនៃការសម្លា.ប់ក្មេងស្រីសិស្សសាលានៅក្រុងប៉ោយប៉ែត ខណៈពន្លឺយុត្តិធម៌នូវមិនទាន់លេចចេញ
ក្រុងប៉ោយប៉ែត៖ គិតត្រឹមថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣នេះ ជាថ្ងៃខួបមួយឆ្នាំនៃករណីឃាតករសម្លាប់ក្មេងស្រីសិស្សសាលាម្នាក់យកទៅកប់នៅក្បែររបងជញ្ជាំងថ្មមួយកន្លែងយ៉ាងអាណោចអាធម៌ កាលពីយប់ថ្ងៃទី០៩ មីនា ឆ្នាំ២០២២ នៅភូមិទំនប់ក៥ ក្នុងសង្កាត់ប៉ោយប៉ែត។ ពេលនេះ ឪពុកម្តាយកុមារីរងគ្រោះ បានដង្ហើយហៅសុំឱ្យសមត្ថកិច្ចជួយពន្លឿនលើការស្រាវជ្រាវរកឃាតក ដើម្បីឱ្យព្រលឹងជនរងគ្រោះបានស្ងប់ចិត្ត…។នៅថ្ងៃទី១១ ខែមិនានេះ ឪពុកម្តាយក្មេងស្រីរងគ្រោះឈ្មោះ លួត លីហ្សា បានធ្វើបុណ្យរំឭកខួបមួយឆ្នាំដល់កូនស្រី ដែលឪពុកឈ្មោះ សំ សាន្ត អាយុ៣៣ឆ្នាំ (ជាកម្មករនៅផ្សារថៃ) និងម្តាយឈ្មោះ យាន ខេមរា អាយុ៣២ឆ្នាំ បានស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយពន្លឿនក្នុងការស្រាវជ្រាវរកឃាតកដែលបានសម្លាប់កូនស្រី យកមកផ្តន្ទាទោសតាមច្បាប់។ នៅថ្ងៃបុណ្យនោះដែរ គេសង្គេតឃើញមានលោកគ្រូ អ្នកគ្រូ សិស្សសាលាដែលជាមិត្តរួមថ្នាក់ជាមួយកុមារីខាង បានណាំគ្នាមកចូលបុណ្យ និងរំលែកទុក្ខដល់គ្រួសាររងគ្រោះផងដែរ និងបានចូលរួមសំណូមពរដល់អាជ្ញាធរជួយតាមរកឃាតកឱ្យឃើញឆាប់ៗ ព្រោះរយៈពេល១ឆ្នាំមកនេះ គឺហាក់ដូចជាស្ងាត់ឈឹងតែម្ដង។ ដោយឡែក លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ស្រដៀងគ្នាថា៖ ករណីកុមារី លួត លីហ្សា ដែលប្រទៈឃើញសពក្បែររបងថ្មជិតសាលារៀន និងផ្ទះ ហើយត្រូវបានឃាតកសម្លាប់ពេលចេញសាលារៀនដើរមកផ្ទះ ដែលមានរយៈពេល១ឆ្នាំមកនេះ កម្លាំងជំនាញនៅតែបន្តការស្រាវជ្រាវ និងរកភស្តុតាងឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការតាមច្បាប់ ដូច្នេះ សូមឱ្យគ្រួសារជនរងគ្រោះជឿជាក់លើសមត្ថកិច្ច សម្រាប់ករណីឃាតកម្មនេះ អាជ្ញាធរមិនព្រងើយកន្តើយនោះទេ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៕ សម្រួលដោយ ទៀង បុណ្នរី