សមត្ថកិច្ចស្រុកបាកាន រកឃើញម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន១២គ្រឿង

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្រុកបាកាន បានរកឃើញម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន១២គ្រឿង ក្នុងពេលដែលកម្លាំងជំនាញបានចុះអប់រំក្មេងទំនើងមួយក្រុម ឱ្យបញ្ឈប់សកម្មភាពរំខានប្រជាពលរដ្ឋ និងគោរពច្បាប់ចរាចរណ៍ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣…។  ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នា បានចុះអប់រំក្រុមក្មេងទំនើងមួយក្រុម បន្ទាប់ពីក្រុមក្មេងទាំងនោះ តែងបង្កការរំខានដល់ប្រជាពលរដ្ឋ ប៉ះពលដល់សណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញម៉ូតូ កែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន១២គ្រឿង ដោយមាន៦គ្រឿង បំពាក់ស៊ីម៉ាំងឮខ្លាំង និង៦គ្រឿងទៀតដាក់សំបកកង់តូច។ ក្រោយរកឃើញសមត្ថកិច្ច បានតម្រូវឱ្យម្ចាស់ម៉ូតូរៀបចំ ធ្វើការកែតម្រូវឡើងវិញតាមលក្ខណៈបច្ចេកទេស។  ទន្ទឹមនឹងនោះកម្លាំងសមត្ថកិច្ច ក៏បានអប់រំក្រុមក្មេងៗទាំងនោះឱ្យអនុវត្តន៍តាមគោលការណ៍ ៥ចំណុច រួមមាន៖ ទី១-ត្រូវពាក់មួកសុវត្តិភាពឱ្យត្រឹមត្រូវក្នុងពេលធ្វើដំណើរ, ទី២-ម៉ូតូត្រូវដាក់កព្ចាក់មើលក្រោយឱ្យបានត្រឹមត្រូវ, ទី៣-ម៉ូតូត្រូវប្ដូរបំពង់សុីម៉ាំងដែលលឺចេញដាក់បំពង់ស៊ីម៉ាំងស៊ីនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ទី៤-ត្រូវប្ដូរសំបកកង់តូចចេញហើយដាក់សំបកកង់ត្រឹមត្រូវតាមស្ដងដាដើមឡើងវិញ នឹងទី៥-ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។  គួរបញ្ជាក់ថាក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជុំនាញមិនបានចាប់ឃាត់ទុកនៅវត្ថុតាងឬក្រុមក្មេងទំនើងទាំងនោះទេដោយគ្រាន់តែធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តអំពើដែលបង្កផលប៉ះពាល់ដល់នាក់ដទៃព្រមទាំងសង្គមជាតិយើងទាំងមូល៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង