រថយន្ត៧គ្រឿងត្រូវអគ្គិភ័យឆាបឆេះ ខណៈបុរសម្នាក់រលាកភ្លើងរងរបួសធ្ងន់

រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងរថយន្ត៧គ្រឿងត្រូវបានឆេះខូចខាត ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តក្នុងឃ្លាំងលក់រថយន្តយីហោ យានយន្ត លីឆាយ៦៩៦។ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អស់ជាច្រើនគ្រឿងនៅទីតាំងកើតហេតុខាងលើ និងបានជួយបាញ់ទឹកពន្លត់ភ្លាមៗ ជៀសវាងរាលដាលដល់ផ្ទះអ្នកជិតខាង។   ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង០៣ៈ៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចយីហោ យានយន្ត លីឆាយ៦៩៦ ជាប់នឹងទីតាំងឈៀករថយន្តសាខាសែនសុខតាមបណ្ដោយផ្លូវលេខ១០១៩ ក្បែរក្លោងទ្វារវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសជាជាង កំពុងតែជួសជុលរថយន្ត ស្រាប់តែមានអណ្តាតភ្លើងចេញពីរថយន្តបង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗ អ្នកជិតខាងបាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានដោយសារតែអណ្ដាតភ្លើង ឆេះកាន់តែខ្លាំង។  លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះរថយន្តនៅក្នុងឃ្លាំងលក់រថយន្ត លោកបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ គោលដៅនៅជិតទីតាំងនោះជាច្រើនគ្រឿង ដើម្បីចេញជួយអន្តរាគមន៍ឱ្យទាន់ពេលវេលា។ តែទោះជាយ៉ាងណាអគ្គិភ័យបានឆាបឆេះរថយន្តអស់ចំនួន៧គ្រឿង ទើបកម្លាំងសមត្ថកិច្ចគ្រប់គ្រងអណ្ដាតភ្លើងបាន និងរលត់ជាស្ថាពរ។   ក្នុងហេតុការណ៍នេះទំហំនៃការខូចខាត ឆេះរថយន្តចំនួន៧គ្រឿង ប្រភេទរថយន្ត នីសាន់ណាវ៉ារ៉ា និងបុរសម្នាក់រងរបួសរលាកភ្លើងមួយចំហៀងខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន១០គ្រឿង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿង ទើបគ្រប់គ្រងស្ថានការបាន។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញសន្និដ្ឋានជំហានដំបូងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី…៕     សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង