កូនខ្មែរបានបោះទុន ៣០០លានដុល្លារ សង់កំពង់ផែពហុបំណង​ និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកំពង់លែង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្មែរមួយវិនិយោគសាង​សង់​កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយនៅលើទឹកដីឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្ត​​កំពង់ឆ្នាំង ដើម្បី​​ជំរុញការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលប្រជាពលរដ្ឋតាម​ផ្លូវ​ទឹក។ គម្រោងសាងសង់​កំពង់​​​ផែ​​ព​​ហុ​បំណង និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំនេះ ទទួល​បានការស្វាគមន៍ខ្លាំងក្លា​ពីអាជ្ញាធរ​ជាមួយ​​ក្តី​រំពឹង​ថា រួមចំណែកធ្វើឱ្យប្រសើរនូវជីវភាព​ប្រជា​ពលរដ្ឋ។  កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និង​មជ្ឈ​មណ្ឌល​ភស្តុភារ​កម្មកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។  លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុន បានឱ្យដឹងថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​វិនិ​យោគ​មានទំហំ ១០០ហិកតា។ បើតាមតំណាងក្រុមហ៊ុន បានឱ្យផងដែរថា គម្រោង​វិនិ​យោគ​របស់ក្រុមហ៊ុន​នៅតំបន់នេះ រួមមាន កំពង់ផែដឹកជញ្ជូនទំនិញ បង្កើតមណ្ឌលសន្និធិ​ប្រេង បង្កើតរមណីយ​ដ្ឋាន​ទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស (តំបន់ឧស្សាហកម្ម ទីផ្សារដោះដូរទំនិញ ឃ្លាំង​សម្រាប់ជួលស្តុកទំនិញ និងចែកចាយទំនិញលក្ខណៈជាតិ និងអន្តរជាតិ)។  បន្ទាប់ពីទទួលបានសិទ្ធិវិនិ​យោគ​ពីរាជរដ្ឋាភិបាលហើយនោះ ក្រុមហ៊ុនបានធ្វើសកម្មភាព​យ៉ាង​​មមាញឹក ពន្លឿនការសាងសង់ឱ្យបានរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខ។ យោងតាម លោក ប្រាក់ វុទ្ធី ត្រឹមរយៈប្រមាណជាងមួយខែប៉ុណ្ណោះ ក្រុមហ៊ុនសាងសង់ហេដ្ឋរចនាសម្ព័ន្ធ​ជាច្រើន​នៅតំបន់នោះ មានដូចជាផ្លូវតភ្ជាប់ពីផ្លូវ៥០សេ ទៅទីតាំងកំពង់ផែ អគាររដ្ឋបាល អគារស្នាក់នៅ ផែសម្រាប់ផ្ទេរទំនិញ ទីតាំងជញ្ជីងសម្រាប់ថ្លឹងរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត។  ដំណើរការសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ក៏ទទួលបានការ​យក​​ចិត្តទុក​ដាក់ខ្ពស់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ នៅថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ​ការ និងដឹកជញ្ជូន, លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានចុះទៅដល់ទីតាំង ដើម្បីពិនិត្យ និងវាយតម្លៃពីដំណើរ​ការសាង​សង់នោះ។  លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះដំណើរការសាងសង់​របស់ក្រុម​ហ៊ុន​មានភាពលឿនរហ័ស។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងស្វាគមន៍ និងរីករាយ​ចំពោះការវិនិយោគសង់ជាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុរភាកម្មនៅតំបន់នោះ ព្រោះជា​ចំណែក​​មួយធ្វើឱ្យការដឹកជញ្ជូនកាន់តែប្រសើរ ជាពិសេសការតភ្ជាប់នៃប្រព័ន្ធដឹកជញ្ជូន​តាម​ផ្លូវទឹក ដែលជាមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា។  លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «សួរថាកំពង់ផែនេះចំណេញអ្វី? វាចំណេញច្រើន យើងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន។ បើដឹកផ្លូវគោកវា​ខូច​ខាតផ្លូវ ហើយប្រើថវិកាច្រើន។ យើងខិតខំសាងសង់ផែរណបច្រើនតាម​ទន្លេរបស់យើង​ទាំង​ទន្លេសាប ទន្លេបាសាក ទន្លេមេគង្គ សេកុង សេសាន ស្រែពក។ល។ ធ្វើម៉េចឱ្យការដឹក​ជញ្ជូន​តាមផ្លូវទឹកយកទៅលក់នៅបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ»។  លោកទេសរដ្ឋមន្ត្រី បានមើលឃើញផងដែរថា កំពង់ផែពហុបំណង និងមជ្ឈមណ្ឌល​ភស្តុ​ភារកម្ម ជាតំបន់យុទ្ធសាស្ត្រល្អមួយបម្រើដល់ការដឹកជញ្ជូនផងដែរ ព្រោះជាចំណុច​កណ្តាល​ប្រទេស ហើយជាកន្លែងបែងចែកទំនិញដ៏ល្អមួយ​ពីបណ្តាខេត្តជុំវិញ​បឹង​ទន្លេសាប និងខេត្ត​ដទៃ​ទៀត ឆ្ពោះទៅទីផ្សារអន្តរជាតិ។  លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្រុកកំពង់លែងមាន​ប្រជា​ពលរដ្ឋជាង ១ម៉ឺនគ្រួសារ ហើយពឹងអាស្រ័យធំលើរបរធ្វើស្រែ។ ដោយសារស្រុកកំពង់លែង ត្រូវកាត់ផ្តាច់ដោយទន្លេ និងបឹងទន្លេសាបនោះ បានបង្កជាឧបសគ្គលំបាកក្នុងការដឹកជញ្ជូន​កសិផលទៅទីផ្សារ។ បើឈ្មួញចូលមកដឹកក៏តម្លៃលក់មិនបានខ្ពស់ផងដែរ ព្រោះត្រូវចំណាយ​ច្រើនលើការដឹកជញ្ជូន។  លោកអភិបាលខេត្តកំពង់ឆ្នាំង បានស្វាគមន៍ចំពោះការវិនិយោគបង្កើតជាផែ និងជាមជ្ឈ មណ្ឌលភស្តុភារកម្មនេះ។ តាមរយៈកំពង់ផែនេះ មិនត្រឹមបានផ្តល់ការងារជូនប្រជាពលរដ្ឋ​នៅតំបន់​នោះធ្វើប៉ុណ្ណោះទេ ជាពិសេសសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលជាចំណែកធ្វើឱ្យតម្លៃ​កសិ​ផលប្រជាពលរដ្ឋបានខ្ពស់។  ឃុំកំពង់ហាវ ស្រុកកំពង់លែង ជាតំបន់មួយដែលត្រូវលិចទឹកក្នុងរដូវវស្សា ហើយក៏ជាកន្លែង​សម្រាប់​ត្រី​បំលាស់ទីផងដែរ។ ដូច្នេះការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ក៏ត្រូវបានគិតគូរផងដែរទៅលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។  លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបានសិក្សា និង​វាយតម្លៃរួចរាល់ហើយ ហើយការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ មិន​បានបង្កផលប៉ះពាល់ទៅដល់បរិស្ថាននោះឡើយ។  តាមការរំពឹងទុកការសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ នឹងផ្ដល់​ឱកាស​ការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង បានប្រមាណពី ១,០០០កន្លែង ទៅដល់ ១,៥០០កន្លែង៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង