ប៉ូលិសប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនបុរសម្នាក់ ជាមេខ្យល់ ពាក់ព័ន្ធករណី នាំពលករជាង១០០នាក់ ទៅធ្វើការនៅប្រទេសកូរ៉េ

ភ្នំពេញ : កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់មួយកន្លែងយីហោ «នាគទេព» រកឃើញជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) និងឃាត់ខ្លួនប្រុសមេខ្សល់ម្នាក់ រួមទាំងដកហូតលិខិតឆ្លងដែនមួយចំនួន ពាក់ព័ន្ធករណី នាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ ។   សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ និងលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានសហការជាមួយកម្លាំងគណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ជនសង្ស័យដែលជាមេខ្យល់មាន ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថាខ្លួនបានកុហកបោកប្រាស់ទៅជនរងគ្រោះជាង ១០០ នាក់នោះថានឹងនាំពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ដោយក្នុងម្នាក់ៗត្រូវចំណាយលុយពី ៦០០ទៅ ៨០០ដុល្លារ ដើម្បីចំណាយទៅលើការធ្វើលិខិតឆ្លងដែនរួចឲ្យមក បានសម្រាកនៅទីតាំងផ្ទះសំណាក់នេះត្រៀមបំរងចេញទៅប្រទេសកូរ៉េ។  តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាពួកគាត់ពិតជាបានបានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យជាមេខ្សល់ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ ពិតប្រាកដមែន។  បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំពុងកសាងសំណុំ បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) អនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕  សម្រួលដោយ  ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង