រយៈពេលជាង ៦ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាបើកប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនរួចសរុបជាង ៣៥លានដុល្លារអាម៉េរិក
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេចំនួនសរុបជាង ៣៥ម៉ឺន ៦ពាន់នាក់ ចំនួនកូនជាង ៣៥ម៉ឺន ៨ពាន់នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុបជាង ១៤៣ប៊ីលានរៀល ឬស្មើនឹងប្រមាណជាង ៣៥លានដុល្លារអាម៉េរិក។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរថា វឌ្ឍនៈភាពនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតនារី ក្នុងពេលមានបុត្រ តាមស្ថិតិកម្មការិនីឆ្លងទន្លេនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ មានចំនួន ១៦៤នាក់ ចំនួនកូន ១៦៥នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុប ៦៦លានរៀល។ ឯកឧត្តម បានឲ្យដឹងទៀតថា បើគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ មានកម្មការិនីឆ្លងទន្លេចំនួនសរុបជាង ១ម៉ឺន ២ពាន់ ១០០នាក់ ចំនួនកូនជាង ១ម៉ឺន ២ពាន់ ២០០នាក់ បានផ្តល់ប្រាក់ឧបត្ថម្ភសរុបជិត ៥ប៊ីលានរៀល។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្មវិធីនេះ នឹងបន្តអនុវត្តន៍ដើម្បីគាំពារមាតា និងទារក ក្នុងចំណោមបងប្អូនកម្មករនិយោជិតសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធជានារី។ សូមបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូននេះ សម្រាប់ស្រ្តីសម្រាលកូនមួយ (ទោល) ទទួលបានប្រាក់ចំនួន ៤០ម៉ឺនរៀល, កូនភ្លោះ២ (ពីរនាក់) ទទួលបាន៨០ម៉ឺនរៀល, កូនភ្លោះ៣ ទទួលបាន១២០ម៉ឺនរៀល។ លើសពីនេះទៀត ចំពោះកូនភ្លោះ ០៣នាក់ ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀត ពីសម្តេចតេជោផ្ទាល់ផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី