ចាប់ខ្លួនជនដៃដល់ក្នុងករណីចាក់សម្លាប់កម្មការិនីរោងចក្រ នៅព្រះសីហនុ
កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដែលចាក់សម្លាប់នារីកម្មការិនីរោងចក្រជាសង្សារបានហើយនៅម៉ោង១រសៀល ថ្ងៃ៧ ខែមីនា នេះ នៅតាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គួររំលឹកថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជិត១០យប់ ជនដៃដល់បានចាក់សម្លាប់នារីជាសង្សារ ខណៈពេលចេញពីធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចជនដៃដល់បានព្យាយាមគេចខ្លួនបាត់។ ជនរងគ្រោះមានឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវជនដៃដល់ចាក់ចំក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង៕ សម្រួលដោយ ទៀង បុណ្ណរី