សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនី ប្រមាណ៣២,០០០នាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរ ដូចសម័យកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនីប្រមាណ ៣២,០០០នាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរ ដែលទទួលបានការឧបត្ថម្ភដូចសម័យកូវីដ-១៩។  ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ។  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញនេះ ខ្ញុំបានចុះហត្ថលេខា ពាក់ព័ន្ធទៅលើការផ្តល់ប្រាក់ឧបត្ថម្ភ នៅក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរ […] ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបញ្ជូនសំណើទៅដល់ខ្ញុំ បន្ទាប់ពីមានអនុសាសន៍ ដូច្នេះខ្ញុំបានសម្រេចរួចហើយ»។  សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្មករ-កម្មការិនី ចំនួន៣២,០០០នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ដូចសម័យកូវីដ-១៩ ដែលរោងចក្រត្រូវបានព្យួរ។  ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងពេលដែលបាត់បង់ការងារ ក្នុងរោងចក្រចំនួន៧១ ដែលមានកម្មករ-កម្មការិនី ៣២,០០០នាក់ ក្នុងនោះមានស្ត្រីចំនួន២៦,០០០នាក់ បែរជាខេត្តកំពង់ស្ពឺ ខ្វះកម្មករប្រមាណ២០,០០០នាក់ទៅវិញ។  ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យកចិត្តទុកដាក់អំពីរបៀបជ្រើសរើស ដើម្បីឲ្យស្ដ្រីរបស់យើង អាចទទួលបាននូវផលប្រយោជន៍។  ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានណែនាំឲ្យបង្កើននូវប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេ និងអាយុដល់២ឆ្នាំ។  សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាកម្មវិធីដែលស្ត្រីទទួលបាន ដែលរាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងម្ដេច ឲ្យស្ត្រីរបស់យើងមានសុខភាពល្អ ហើយកូនដែលកើតមកក៏មានសុខភាពល្អ តាមរយៈកម្មវិធីជួយចំពោះជនក្រីក្រជួបការលំបាក ហើយសម្រាប់អ្នកមាន គឺមិនចាំបាច់នោះទេ។  សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងបន្ដប្រឹងធ្វើកិច្ចការងារនេះបន្ថែមទៀត តាមរយៈដែលអាចដោះស្រាយនូវការងារធ្វើ និងការបណ្ដុះបណ្ដាលសម្រាប់ស្ដ្រីរបស់យើង៕  សូមរំលឹកថា កាលពីម្សិលមិញ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យធ្វើកិច្ចអន្តរាគមន៍ ជួយដល់កម្មករ-កម្មការិនី រោងចក្រដែលបិទទ្វារ​ ចាប់ពីខែមេសា ឆ្នាំ២០២៣ តទៅ។   សម្តេចតេជោ បានថ្លែងថា រោងចក្រដែលព្យួរ ឬបិទទ្វារនៅពេលនេះ មិនច្រើនដូចសម័យកាល ដែលមានការរីករាលដាលជំងឺកូវីដ១៩នោះទេ ដោយសម្តេចផ្តល់អនុសាសន៍ ឲ្យមានការដោះស្រាយជូនកម្មករ ដូចសម័យកាលកូវីដ១៩ ដោយពិភាក្សាជាមួយថៅកែរោងចក្រ រាជរដ្ឋាភិបាលអាចឧបត្ថម្ភ៤០ដុល្លារ និងថៅកែរោងចក្រ៣០ដុល្លារ ហើយគួរអនុវត្តន៍ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង