សម្ដេចតេជោ ហ៊ុន សែនអនុញ្ញាតឲ្យអគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group សាងសង់អាកាសយានដ្ឋាន​សៀមរាប-អង្គរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

វិមានសន្តិភាព៖ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលសាងសង់អាកាសយានដ្ឋាន​សៀមរាបអង្គរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងនៅក្រោយជំនួប ថាលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment group បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចតេជោ ពី សំណាក់ឯកឧត្តមអគ្គលេខាធិការបក្ស ខេត្តយូណាន និងឯកឧត្តមអភិបាលខេត្តយូណាន។
លោក Liu Minglinបានគោរពជម្រានជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។
លោក Liu Minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបឲ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយ លោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក ព្រលានយន្តហោះខេត្តសៀបរាប មិនអាចទទួលយន្តហោះធំៗចុះចតបានទេ។ សម្តេចតេជោក៏បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាបនិងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេ សក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕
អត្ថបទដែលជាប់ទាក់ទង