ចាប់ខ្លួនជនសង្ស័យម្នាក់ក្លែងបន្លំ ជា កងរាជ អាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សា កោសជប់ និងកាន់កាប់អាវុធខុសច្បាប់
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនជនសង្ស័យម្នាក់ ដែលហ៊ានក្លែងបន្លំជាមន្ត្រីកងរាជអាវុធហត្ថ រួចដើរប្រមូលលុយតាមកន្លែងម៉ាស្សា កោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។ អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់អោយដឹងថា កាលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅចំណុចផ្ទះកោសជប់ ម៉ាស្សា ផ្លូវ ៣០ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សា កោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។ ជនសង្ស័យ ឈ្មោះ ស៊ី កប ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្រ្ក និងពាក់ស័ក្ក ថ្នាក់អនុសេនីយ៍ឯកកាន់កាប់អាវុធខ្លី ០១ដើម ម៉ាក K៥៤ លេខ១៩៥២ បង់០១ គ្រាប់០៧គ្រាប់ អាឌី១គ្រឿង ស្រោមកាំភ្លើង០១ ម៉ូតូ ០១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-2940 ធ្វើសកម្មភាព ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ នៅតំបន់ភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី