ស្ត្រីម្នាក់ស្លា.ប់បាត់បង់ជីវិត ខណៈប្រាប់ប្ដីទៅកែច្រមុះ តែពេលវះកាត់កែដើមទ្រូង

រាជាធានីភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​កែសម្ភស្ស​ ដោយស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​ខណៈ​ពេល​កំពុង​វះកាត់​ដេីម​ទ្រូង ដែលហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​វេលាម៉ោង​៩:១០នាទី​យប់​ថ្ងៃ​ទី​៣​ ខែ​មិនា​ ឆ្នាំ​២០២៣​​ នៅ​មជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ​ M25 សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ…។  សពស្ត្រីរងគ្រោះឈ្មោះ​ ឃុន​ ចន្នី​ អាយុ​៤១​ឆ្នាំ ទី​លំនៅ​ភូមិ​គីឡូ​១២​ ឃុំ​កោះ​តូច​ ស្រុក​ទឹក​ឈូក​ ខេត្ត​កំពត។ ប្រភព​ពី​អ្នក​ស្គាល់​ស្ត្រី​ខាងលើ​ បាន​បង្ហើប​ប្រាប់​ថា​ ស្ត្រី​ខាងលើ​បាន​សុំស្វាមីគាត់ថាទៅកែច្រមុះ​ ប៉ុន្តែ​ស្ត្រី​រូបនេះ បែរ​ជា​លួច​កែ​ដេីម​ទ្រូង​ដោយ​មិន​ប្រាប់​គ្រួសារ​ឡើយ​ ហើយក៏មក​ជួប​រឿង​ស៊យ​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​បែបនេះ។ យ៉ាងណាមិញ ខាង​មជ្ឈមណ្ឌល​កែ​សម្ភស្ស​ នៅមិន​ទាន់​មាន​ការ​បញ្ជាក់​ណាមួយ​ឡើយ​ អំពី​ហេតុការណ៍​ដែល​កើត​​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​កែ​សម្ភស្ស​របស់​ខ្លួន​នេះទេ។  ភ្លាមៗសមត្ថកិច្ច​បាន​ផ្អាក​ដំណើរការ​គ្លីនិកនេះជា​បណ្តោះអាសន្ន​ រង់​ចាំ​សមត្ថកិច្ច​ជំនាញចុះត្រួត​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ​ ​និង​គ្រូ​ពេទ្យ​ធ្វើ​កោសល្យវិច័យ​ទៅ​លេី​សព​រក​មូលហេតុ​អំពី​ការ​ស្លាប់​របស់​ស្ត្រី​ខាង​លើ​ជាមុនសិន។ ជំហាន​ដំបូង​សមត្ថកិច្ច​ដាក់ការ​សន្និដ្ឋាន​ថា សព​ស្ត្រី​ខាងលើ​ស្លាប់​ដោយសារ​បញ្ហា​គាំង​បេះដូង​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ត្រួត​ពិនិត្យ​តាម​ជំនាញ​ រក​មូលហេតុ​នៃ​ការ​ស្លាប់​ថាអាចនឹង​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​បច្ចេកទេស​កែ​សម្ភស្ស​ដែរ​ ឫទេ​។ ចំណែក​សព​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ស្រុក​កំណើត​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។  នេះគឺជាមេរៀនមួយដាស់តឿនដល់បងប្អូននារីៗ ដែលស្រឡាញ់ខ្លួនប្រាណហើយជ្រើសយកការវះកាត់កែសម្ផស្សទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន តែមិនបានសិក្សាល្អិតលើបញ្ហាសុខភាពរបស់ខ្លួន ក៏ដូចជាស្វះស្វែងរកមជ្ឈមណ្ឌលដែលមានឯកទេសច្បាស់លាស់ដែលអាចបង្កហានិភ័យដល់ខ្លួន ដូចជាករណីខាងលើនេះ ដូច្នេះ មុននឹងធ្វើការសម្រេចចិត្តវះកាត់កែប្រែរាងកាយ សូមកុលស្ត្រីទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះកន្លងមកឃើញមានជាហូរហែរនូវអ្នកវះកាត់កែសុដន់ កែមុខមាត់ កែច្រមុះ ហើយត្រូវរង់គ្រោះ ខូចខាតរាងកាយបន្ទាប់ពីវត្ថុទាំងនោះមិនសមាមាត្រជាមួយនឹងរាង្គកាយរបស់ពួកគេ និងមានអ្នកខ្លះប៉ះពាល់ដល់អាយុជីវិតក៏មាន…៕   សម្រួលដោយ  ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង