ប្តីចិត្តអប្រិយបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដែលកំពុងមានផ្ទៃពោះ៤ខែ បណ្តាលអោយស្លាប់ទាំងម្ដាយទាំងកូននៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត

អំពើឃាតកម្មមួយដែលបុរសជាប្តីចិត្តអប្រិយ បានសម្រេចចិត្តបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន បណ្តាលអោយស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត នៅចំណុចផ្ទះលេខ១៦៨ ក្នុងបុរីពិភពថ្មី៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ កាលពីវេលាម៉ោង១៥ និង៣០នាទីល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ នេះ ។  ស្ត្រីជាជនរងគ្រោះ មានឈ្មោះ មៃ គន្ធា អាយុ៣៤ឆ្នាំ មុខរបរ បើកសាឡន ស្លាប់ទាំងកំពុងមានផ្ទៃពោះ៤ខែ។ នាង និងប្តី ( ប្តីក្រោយ ) ទើបតែបង់រំលោះផ្ទះកើតហេតុជាមួយខាងបុរី ហើយស្នាក់នៅតែ២នាក់ បាន៣ខែប៉ុណ្ណោះ ។  យោងតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ អោយដឹងថា ៖ ដំបូងឡើយ សាច់ញាតិរបស់ស្ត្រីរងគ្រោះបានខលទំនាក់ទំនងទូរស័ព្ទពីស្រុកកំណើតមក ដោយមានការ ប៉ុន្តែជនរងគ្រោះមិនទទួលទូរស័ព្ទសោះ ទើបសាច់ញាតិបានទាក់ទងពឹងអាស្រ័យទៅអ្នកជិតខាងរបស់ជនរងគ្រោះអោយទៅជួយមើលផង ព្រោះគាត់មានការ បន្ទាប់មក អ្នកជិតខាងបានដើរទៅស្រែកហៅដែរ ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ ទើបអ្នកជិតខាង សម្រេចទៅហៅសន្តិសុខបុរី អោយជួយចូលទៅមើលក្នុងផ្ទះ ។  ភ្លាមនោះ សន្តិសុខបុរីបានទៅដល់ ហើយបានដើរចូលទៅក្នុងផ្ទះខាងលើជាមួយអ្នកជិតខាង ព្រោះផ្ទះមិនមានចាក់សោរ លុះដើរចូលទៅដល់ក្នុងហើយ នៅតែមិនឃើញមានមនុស្ស ហើយស្រែកហៅខ្លាំងៗក៏មិនមានអ្នកឆ្លើយ ពួកគេក៏បានសម្រេចចិត្តនាំគ្នាចូលទៅមើលក្នុងបន្ទប់សម្រាក ក៏ឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។  ក្រោយប្រទះឃើញដូចនោះ សន្តិសុខបុរី បានទាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ហើយ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យជុំវិញនៅទីតាំងកើតហេតុ។  ករណីអំពើឃាតកម្មខាងលើនេះដែរ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់​ តាមទូរស័ព្ទនាល្ងាចថ្ងៃខែខាងលើ អោយដឹងថា ៖ ករណីនេះ គឺបុរសជាប្តីជាអ្នកបាញ់សម្លាញ់ប្រពន្ធខ្លួនឯងប្រាកដមែន ហើយជាក់ស្តែងនៅកន្លែងកើតហេតុ សមត្ថកិច្ចប្រទះឃើញមានគ្រាប់កាំទុះមួយគ្រាប់ ។  លោកអធិការរង បន្តថា យ៉ាងណាមិញ លោកនៅមិនទាន់ដឹងថា ករណីនេះមានការផ្ទុះអាវុធចំនួនប៉ុន្មានគ្រាប់នៅឡើយនោះទេ ខណះសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យកំពុងធ្វើការពិនិត្យវិច្ច័យតាមជំនាញ ហើយកម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ក្នុងការតាមចាប់បុរសជាប្តី ។  ទោះយ៉ាងណាជុំវិញករណីខាងលើនេះនៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់បានថា ផ្តើមចេញពីករណីអ្វីនោះទេ ដែលប្តីចិត្តសម្រេចចិត្តបាញ់សម្លាប់ប្រពន្ធយ៉ាងដូច្នោះ ហើយគេក៏នៅមិនទាន់ដឹងថា បុរសជាប្តីរូបនោះ មានតួនាទីជាអ្វីដែរ ដែលមានកាំភ្លើងប្រើប្រាស់ ៕  សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង