សិប្បកម្ម​នៅ​ខេត្ត​ប៉ៃលិន​ អាច​ផលិត​ស្រាក្រហម ប្រេងកូឡា​ និង​ផលិតផល​ជាច្រើន​មុខ​ទៀត

ក្រៅ​ពី​ល្បី​ត្បូង​មាន​តម្លៃ និង​​ផ្លែ​មៀន​ប៉ៃលិនជា​ដំណាំ​យុទ្ធសាស្រ្ត​​ ខេត្ត​ប៉ៃលិន​ក៏​មាន​សហគ្រាស​មួយ​ចំនួន​បាន​ខិតខំ​កែច្នៃ​​វត្ថុធាតុដើម​ក្នុងស្រុក ផលិតចេញ​ជា​ផលិតផល​ឆ្លើយតប​លក់លើ​ទីផ្សារ។   ក្នុង​សន្និសីទ​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិនកាលពីសប្តាហ៍​មុននេះ លោក​ជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ បាន​នាំ​យក​ផលិតផលដែល​​​កែច្នៃ​ផលិតក្នុងខេត្ត​ប៉ៃលិន​​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​ស្គាល់​ថែម​ទៀត។   លោក​ជំទាវ​បាន​លើក​បង្ហាញ​ពី​ស្រា​មៀន​ប៉ៃលិន ជា​ផលិតផល​កែច្នៃ​ចម្រាញ់​ពី​ផ្លែ​មៀន​ប៉ៃលិន​សុទ្ធ ១០០% ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ទាំង​ពលរដ្ឋ​ក្នុង​ខេត្ត​និង​ទូទាំង​ប្រទេស។ ជាមួយ​គ្នា​នេះ​ក៏​មាន​ប្រេង​កូឡា ​ប្រេង​ខ្យល់​ និង​ប្រេង​រិត​របស់​សិប្បកម្ម​ម៉េង ទ្រី ៩៩៩ ដែល​លោក​ជំទាវ​អះអាង​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់សម្រាប់លាប​គ្រេចថ្លោះផ្សេងៗដែល​កន្លងទៅ​ធ្លាប់​បាន​ផ្តល់​ដល់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផង​ដែរ។   បន្ថែម​ពី​នោះ លោក​ជំទាវ​ក៏​បាន​បង្ហាញ​ពី​ដំណាប់​ស្វាយ ដំណាប់​ផ្លែមៀន​​ដែល​ត្រូវ​បាន​កែច្នៃ​ដោយ​សហគ្រាស​ក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់ថែមទៀតផង។  លោកជំទាវ​ បាន ស្រីមុំ បន្ត​ថា ​ខេត្ត​​មានរោងចក្រ​​សម្ងួតផ្លែមៀន និង​ផ្លែស្វាយ ដែល​បាន​ជួយ​សម្រួល​ក្នុងការ​ប្រមូលទិញផលិតផល​ដំណាំ​របស់កសិករ​មិន​ថាក្នុង​ខេត្ត​ប៉ៃលិន និង​បណ្តា​ខេត្ត​ដទៃ​ទៀត។  បើតាមលោកស្រីអភិបាល​ខេត្ត ក្នុងរយៈពេលថ្មីៗនេះតម្លៃ​ដំណាំ​កសិកម្ម​ក្នុង​ខេត្ត​មានការកើនឡើង​ដូចជា ពោតក្រហម ដំឡូងមី និងស្វាយកែវរមៀត មានតម្លៃខ្ពស់ជាងតម្លៃឆ្នាំកន្លងមក។ រដ្ឋបាលខេត្តសហការជាមួយមន្ទីរជំនាញខិតខំរកទីផ្សារដើម្បីលើកកម្ពស់តម្លៃកសិផល ក៏ ដូចជាលើកកម្ពស់ ជីវភាពរស់នៅប្រជាពលរដ្ឋតាមរយៈ​ការជម្រុញដល់ការនាំចេញទៅក្រៅប្រទេស។  ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ក៏​បានខិតខំ​ស្រាវជ្រាវ​រកផលិតផល​សក្តានុពល​របស់​ខេត្ត​ ដើម្បីចូលរួម​គាំទ្រ​និង​ជំរុញ​ចលនា​ភូមិមួយ​ផលិតផល​មួយ​៕ សម្រួលដោយ  ទៀងបុណ្ណរី

អត្ថបទដែលជាប់ទាក់ទង