ជនសង្ស័យប្រើហិង្សា និងរារាំងសមត្ថកិច្ចប្រដេញក្មេងទំនើង ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់០៣ករណីផ្សេងគ្នា
រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថាបុរសម្នាក់ដែលបានរារាំងដល់ការអនុវត្តច្បាប់ ប្រើប្រាស់អំពើហិង្សាមកលើសមត្ថកិច្ច ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វើការឃាត់ខ្លួនហើយ ដោយចោទប្រកាន់ចំនួន០៣ករណីផ្សេងគ្នា។ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហិង្សាមកលើសមត្ថកិច្ចក្នុងពេលដែលកំពុងបំពេញភារកិច្ចប្រដេញក្រុមក្មេងទំនើង និងធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយបានចោទប្រកាន់ចំនួន០៣ករណីផ្សេងគ្នា៖ ទី១. ប្រឆាំងអ្នករាជការសាធារណៈ ,ទី២. ប្រើហិង្សាដោយចេតនា និងទី៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។ គួររំលឹកថា កាលពីយប់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ និងបានធ្វើការប្រដេញក្រុមក្មេងទំនើងចំនួនពីរក្រុមនៅចំណុច ផ្លូវលំភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ ដោយស្ថានភាពផ្លូវតូចចង្អៀត ក្រុមប្រដេញបានឃើញបុរសម្នាក់កំពុងដើរទៅរយ៉ែរឡានក៏បានចុចស៊ីផ្លេ និងស្រែកសុំផ្លូវ តែមិនបានប្រយ័ត្នក៏បានឆាបប៉ះជើងបុរស្សម្នាក់នោះបន្តិចបន្តួច។ ភ្លាមៗក្រុមល្បាតកំពុងជាប់បំពេញភារកិច្ចតាមឃាត់ខ្លួនក្រុមក្មេងទំនើង ទើបមិនបានឈប់សុំទោសបុរសនោះទេ។ ក្រោយមកទើបសមត្ថកិច្ចបានសុំទោស ក៏ប៉ុន្តែក្រុមសាច់ញាតិមួយក្រុមខាងបុរសនោះ ដែលកំពុងតែមានសភាពស្រវឹងខ្លាំង និយាយមិនស្តាប់គ្នា បានហក់មកវាយ និងធាក់មកលើសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ច ព្រមទាំងបានធ្វើការរារាំងមិនឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យនោះទេ៕ សម្រួលដោយ ទៀង បុណ្ណរី