សំណង់ប្រវត្តិសាស្រ្ត “ថ្មគោល” តាមដងទន្លេមេគង្គសម័យអាណានិគមបារាំង នឹងដាក់ជាសម្បត្តិបេតិភណ្ឌជាតិ

សំណង់ប្រវត្តិសាស្រ្ត “ថ្មគោល” ដែលបានសាងសង់នៅតាមដងទន្លេមេគង្គគឺជាសំណង់សាងសង់ឡើងក្នុងសម័យអាណានិគមបារាំង គឺជាសំណងដ៏រឹងមាំសម្រាប់នាវាចរណ៍ផ្លូវទឹកចេញពីខេត្តក្រចេះ មកខេត្តស្ទឹងត្រែង ដល់ព្រំដែនកម្ពុជា-ឡាវដែលមានអាយុកាលរាប់រយឆ្នាំមកហើយរហូតមកទល់នឹងពេលនេះនឹងដាក់ជាសម្បត្តិបេតិកភណ្ឌជាតិ។  អ្នកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែងបានប្រាប់ថា រាល់សំណង់ដែលសង់ឡើងមានអាយុកាលចាប់ពី ៥០ឆ្នាំឡើងទៅចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌជាតិ ចំពោះសំណង់ថ្មគោលនៅតាមដងទន្លមេគង្គខេត្តស្ទឹងត្រែងយើងអាចហៅបានថាជាសំណង់ប្រវត្តិសាស្ត្រឬសំណង់សម័យអាណានិគមបារាំង ចំពោះមុខសំណង់បែបនេះអាចនឹងក្លាយជាសម្បត្តិបេតិកភណ្ឌរបស់ជាតិយើង។  ទាក់ទងទៅនឹងសំណង់តាមផ្លូវទឹកនេះដែរ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានប្រាប់ថាសំណង់គោលបានសង់ឡើងកាលពីសម័យអាណានិគមបារាំងមានចាប់ពីស្រុកសំបូរខេត្តក្រចេះ រហូត ដល់ព្រំដែនកម្ពុជា-ឡាវនៅតាមដងទន្លេមេគង្គ។  លោក សរ គឹមណាត បានប្រាប់ថា សំណង់បែបនេះគឺជាបង្គោលចរាចរណ៍បង្ហាញផ្លូវទឹកដោយសារផ្លូវទឹកពីខេត្តក្រចេះ​មកព្រំដែនកម្ពុជា-ឡាវសម្បូរដោយថ្មទឹកហូរគូចខ្លាំងការធ្វើដំណើរតាមផ្លូវទឹកមានការលំបាកជួបឧបសគ្គច្រើនទើបគេសង់បង្គោលស៊ីម៉ងត៍នៅតាមប្រឡោះផ្លូវទឹកនារដូវប្រាំងដើម្បីជាសញ្ញាងាយស្រួលសម្រាប់អ្នកបើកកប៉ាល់ហៅថា​(កាបពីទែន)។  ការធ្វើដំណើរតាមផ្លូវទឹកនៅរដូវប្រាំងទូកកាណូតកប៉ាល់អាចដឹកសម្ភារៈចំណុះចាប់ពី១០០តោនចុះក្រោម បើរដូវវស្សាចាប់ពីខែសីហាខែកញ្ញាទូកធំអាចដាក់សម្ភារៈទំនិញឬដឹងប្រេងចំណុះចាប់ពីជាង១០០តោនបាន។  កាលនោះគេប្រើកប៉ាល់ដឹកទំនិញពាណិជ្ជកម្មក្នុងតំបន់ឥណ្ឌូចិនពីក្រុងភ្នំពេញខេត្តកំពង់ចាម-ក្រចេះ-ស្ទឹងត្រែងទៅចតនៅកំពង់ផែប្រទេសឡាវ អ្នកបើកនាវាឆ្លងកាត់ភូមិសាស្រ្តខេត្តស្ទឹងត្រែងគឺជាអ្នកជំនាញផ្លូវទឹកខ្លាំងណាស់ទើបអាចបើកបានព្រោះវាមានទាំងថ្មធំៗអាចនឹងជួបឧបសគ្គ។   ជំនាន់នោះកប៉ាល់ធំៗដឹកទំនិញពាណិជ្ជកម្មក្រុងភ្នំពេញមកចតនៅក្នុងខេត្តក្រចេះនិងសាងបន្តពីខេត្តក្រចេះមកស្ទឹងត្រែងទៅកំពង់ផែឡាវ អ្នកបើកទូកដឹកទំនិញពីភ្នំពេញមកចតត្រឹមក្រចេះ ផ្ទេរទំនិញពីផែខេត្តក្រចេះមកស្ទឹងត្រែងតាមទូកគេហៅប្រភេទទូកជើងបង្កងជាបន្ត។ ទូកជើងបង្កងគឺជាទូកស្លាបចាក់លើកចុះឡើងបានមានចង្កូតនៅខាងក្រោយ និងមានល្បឿនលឿនងាយស្រួលដល់អ្នកបើកទូករេចុះឡើងតាមខ្សែទឹកហូរឆ្លងកាត់ថ្មគោលនីមួយៗ។  ទូកប្រភេទជើងបង្កងនេះមានចំណុះក្រោម១០០តោនអាចផ្ទុកទំនិញបាន និងមានទទឹងមិនលើសពី ១០ ម៉ែត្រទេ ពេលខែវស្សាទឹកទន្លេចាប់ផ្ដើមឡើងខ្លាំងអ្នកបើកទូកធំៗមិនបាច់ឆ្លងកាត់តាមគោលនោះទៀតទេ គេធ្វើដំណើរក្បែរជ្រាំងទន្លេបាន។  កាលជំនាន់នោះអ្នកបើកទូកនៅភ្នំពេញមិនហ៊ានបើកមកខេត្តស្ទឹងត្រែងទេគឺបានត្រឹមខេត្តក្រចេះ គេជួលអ្នកស្ទឹងត្រែងទៅបើកទូកបន្តពីខេត្តក្រចេះមកព្រំដែនឡាវព្រោះថាអ្នកស្ទឹងត្រែងស្គាល់ភូមិសាស្ត្រមានជំនាញក្នុងការបើកទូក។  កំឡុងពេលបើកទូកចេញពីក្រចេះមកដល់ស្រុកសំបូរចតសំរាកមួយយប់ត្រង់ចំណុចកោះដំបងជិតព្រំប្រទល់ស្ទឹងត្រែងនិងបន្តមកទៀតក្នុងរយៈពេលមួយយប់ឬពីរថ្ងៃដល់ព្រំដែនឡាវ ពេលត្រឡប់ទៅវិញប្រើពេលមិនយូរទេដោយសារបើកទូកចុះតាមខ្សែទឹកហូរក្នុងល្បឿនលឿនបាន។  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងរម្លឹកថា ការសម័យរដ្ឋកម្ពុជាទូកដឹកទំនិញពាណិជ្ជកម្មពីភ្នំពេញមកក្រចេះចតនៅទីរួមខេត្តស្ទឹងត្រែង ទើបសាងទំនិញដឹកបន្តពីស្ទឹងត្រែងទៅព្រំដែនឡាវក្នុងភូមិសាស្ត្រឃុំព្រះរំកិលបច្ចុប្បន្នឃុំព្រះរំកិលជាប់ព្រំដែនឡាវបានដាក់បញ្ចូលទៅក្នុងដែនដីរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។   លោក សរ គឹមណាត បានលើកឡើងថាសំណង់នីមួយៗរបស់បារាំងកាលជំនាន់នោះមានភាពរឹងមាំណាស់ដូចជា សំណង់ ថ្មគោលដាក់សញ្ញាសម្គាល់សម្រាប់នាវាចរណ៍ផ្លូវទឹកមានអាយុកាលរយឆ្នាំមកហើយនៅតែរក្សាជាប់រឹងមាំ បង្គោលខ្លះបាក់បន្តិចបន្តួចប៉ុណ្ណោះ។សំណង់ថ្មគោលនេះបានផុសចេញពីផ្ទៃទឹកនៅខែប្រាំងលុះដល់ខែវស្សាទឹកលិចរាល់ឆ្នាំអ្នកបើកទូកមិនបាច់ឆ្លងកាត់តាមថ្មគោលនោះទៀតទេ។  ទោះបីជាសំណង់ថ្មគោលនេះបានកន្លងទៅរយឆ្នាំមកហើយគ្រាន់តែសឹករេចរិលបាក់នៅធ្លាក់ជាកំណាត់ខ្លះក៏ដោយ នៅតែរក្សារឹងមាំជាប់បន្សល់ទុករហូតដល់សព្វថ្ងៃនេះតាមដងទន្លេមេគង្គ។  លោក សរ គឹមណាត បានឲ្យដឹងថាចំណុចពិសេសនៃសំណង់សម័យជំនាន់បារាំងមុននឹងសង់អ្វីមួយគេធ្វើដោយផ្ចិតផ្ចង់យ៉ាងល្អលាយគ្រួសខ្សាច់ស៊ីម៉ង់ត្រឹមត្រូវតាមក្បួនខ្នាត។  សព្វថ្ងៃនេះចរាចរណ៍ដឹកទំនិញតាមផ្លូវទឹកបានកាត់ផ្ដាច់ទាំងស្រុងដោយសារគមនាគមន៍ផ្លូវគោកបង្កលក្ខណៈងាយស្រួលធ្វើដំណើរបានគ្រប់ពេលវេលាឆ្លងកាត់ពីរាជធានីខេត្តក្នុងយុគសម័យប្រទេសមានការអភិវឌ្ឍដើរទៅមុខក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា ផ្លូវទឹកទន្លេមេគង្គចាប់ពីចំណុចអន្លង់វិលព្រំដែនឡាវទៅរាជធានីភ្នំពេញមានប្រវែង ៣៨៨ គីឡូម៉ែត្រ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង