ក្រុមការងារបរិស្ថាន រកឃើញបឹងដ៏ធំមួយមានសម្រស់ស្រស់បំព្រងកំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ លើកំពូលភ្នំសំកុស

បាត់ដំបង៖ បឹងដ៏ធំមួយមានសម្រស់ស្រស់បំព្រងកំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» ស្ថិតនៅរយៈកម្ពស់១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង។លោក កត បូរាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ទន្លេផែនមានដើមឈើធំៗខ្ពស់ៗ នៅព័ទ្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង ៤០០ម៉ែត្រ និងទទឹងជាង២០០ម៉ែត្រ។  កន្លងមកមានអ្នកភូមិចំនួន៤ទៅ៥នាក់បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះតែប៉ុណ្ណោះ កម្រមាននរណាទៅដល់មាត់បឹងនេះណាស់ ព្រោះការធ្វើដំណើរទៅដល់បឹងធម្មជាតិមួយ​នេះត្រូវ​បាន​ពេលយូរចន្លោះពី៨ទៅ៩ម៉ោង។  ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ការរកឃើញទន្លេផែនដែលជាបឹងធម្មជាតិ​ដ៏ធំនិងមានសម្រស់ស្រស់បំព្រង នៅលើកំពូលភ្នំសំកុស នឹងនាំឱ្យការពង្រឹងបន្ថែមទៀត​​លើការការពារ និងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់​ទេសចរណ៍ធម្មជាតិ​ថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ និងសហគមន៍មូលដ្ឋាន។  បន្ថែមពីនេះ លោក កត បូរាន អះអាងថា មន្ទីរបរិស្ថានបានស្នើទៅកាន់ក្រសួងបរិស្ថាន​ដើម្បី​សិក្សាបង្កើតជាតំបន់អេកូទេសចរណ៍ ព្រោះទន្លេផែនជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសក្ដានុពលខ្ពស់ និងទើបត្រូវបានរកឃើញថ្មីៗនេះ។  លោក បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងបរិស្ថាននឹងស្វែងរកដៃគូសហការ​ដើម្បី​ពង្រឹង​កិច្ចការពារ និងថែរក្សាទន្លេផែនឱ្យបានស្ថិតស្ថេរគង់វង្ស ខណៈបច្ចុប្បន្នមានភ្ញៀវទេសចរ​បរទេស​ជាច្រើនបាននិងកំពុងចាប់អារម្មណ៍ចង់ទៅទស្សនាកម្សាន្ត៕  សម្រួលដោយ  តៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង