ទស្សនាវដ្ដីមួយរបស់ អាល្លឺម៉ង់ ចុះផ្សាយថា រុស្ស៊ី កំពុងពិភាក្សាទិញយន្តហោះដ្រូនពី ចិន
ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel រាយការណ៍ថា រុស្ស៊ីកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនផលិតអាវុធចិនពីការទិញយន្តហោះដ្រូនចំនួន ១០០ គ្រឿងនាខែមេសាខាងមុខនេះ ។ ប៉ុន្មានថ្ងៃថ្មីៗនេះ អាមេរិក អាល្លឺម៉ង់ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានព្រមានចិនកុំឲ្យលក់អាវុធទៅរុស្ស៊ីសម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយសារអាចធ្វើឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ។ ទន្ទឹមនោះ រុស្ស៊ីដែលជាប់គាំងដោយទណ្ឌកម្មពីសំណាក់លោកខាងលិច ត្រូវគេជឿថា បានទិញសព្វាវុធពីប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង រួមទាំងយន្តហោះដ្រូនផងដែរ ខណៈឯប្រទេសចិនវិញ នៅមិនទាន់មានសកម្មភាពទាក់ទងនឹងការលក់សព្វាវុធណាមួយនៅឡើយ ។ ទស្សនាវដ្ដី Der Spiegel បានចុះផ្សាយទៀតថា ក្រុមហ៊ុនផលិតយន្តហោះដ្រូនចិន Xian Bingo Intelligent Aviation Technology កំពុងរៀបចំដើម្បីបង្កើតគំរូយន្តហោះដ្រូនធុន ZT-180 ចំនួន ១០០ គ្រឿង ដែលអាចផ្ទុកក្បាលគ្រាប់បានទម្ងន់ពី ៣៥ ទៅ ៥០ គីឡូក្រាម ។ពាក់ព័ន្ធនឹងបញ្ហានេះដែរ អធិការ បតីអាល្លឺម៉ង់លោក Olaf Scholz និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានពិភាក្សាជាមួយចិនរួចហើយ គឺមិនអាចទទួលយកបានទេ បើសិនចិនហ៊ានបញ្ជូនអាវុធទៅឲ្យរុស្ស៊ី ។ មិនតែប៉ុណ្ណោះ ទស្សនាវដ្ដីក៏និយាយដែរថា ក្រុមហ៊ុន Bingo ក៏មានគម្រោងបង្កើតកន្លែងផលិតយន្តហោះដ្រូននៅក្នុងប្រទេសរុស្ស៊ីដោយផ្ទាល់ផងដែរ ដែលអាចមានសមត្ថភាពផលិតយន្តហោះបានរហូតដល់ ១០០ គ្រឿងក្នុងមួយខែ ៕ សម្រួលដោយ ទៀង បុណ្ណរី