រកឃើញវិជ្ជមានជំងឺផ្ដាសាយបក្សី H5N1 លើបុរសដែលជាឪពុកកុមារីដែលបានស្លាប់

ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីទី២ នៃជំងឺផ្ដាសាយបក្សី លើមនុស្សដែលត្រូវជាឪពុកកុមារីស្លាប់នៅព្រៃវែង​រកឃើញវិជ្ជមានជំងឺផ្ដាសាយបក្សី H5N1។   ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីស្លាប់កុមារីម្នាក់ អាយុ ១១ ឆ្នាំ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ក្រសួងសុខាភិបាល បានចុះដល់មូលដ្ឋាននៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន ១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ុន១ (H5N1) ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ ដែលកើតមានលើបុរសអាយុ ៤៩ ឆ្នាំ ដែលមានទី លំនៅក្នុងភូមិរលាំង (ក្រសួងសូមកែតម្រូវឈ្មោះភូមិពីរលីង មកឈ្មោះភូមិរលាំង) ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវជាឪពុករបស់ករណីទី១ (ជាកុមារីដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣)។ ប៉ុន្តែស្ថានភាពសុខភាពរបស់ បុរសនេះ មិនទាន់មានចេញនូវរោគសញ្ញាអ្វីគួរឱ្យកត់សំគាល់នៅឡើយ។   នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល ០៩ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលករណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណី ទាំង៥៨ ជានារី។ ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០៥ មកនៅក្នុងចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន ៥៨ ករណី មានតែ១៩ ករណីទេដែលមានជីវិត។  ក្រុមឆ្លើយតបបន្ទាន់ខាងលើបាននឹងកំពុងបន្តអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ និងស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ជាបន្តទៀត និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ ខាងលើជាបន្តបន្ទាប់៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង