សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីកា.ប់យុវជនម្នាក់សឹងដា.ច់ក

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងនគរបាលខណ្ឌកំបូលស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីធ្វើសកម្មភាពកាប់ទៅលើ យុវជនជាកម្មកររោងចក្រម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ សឹងដាច់កចេញពីដងខ្លួន។  សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលបើកការស្រាវជ្រាវអស់រយៈពេល១សប្តាហ៍ ទីបំផុតតាមចាប់ខ្លួនជនសង្ស័យបាន២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ នៅភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។  ដោយជនសង្ស័យទី-១ ឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី២ ឈ្មោះ អ៊ី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ដែលពួកគេមានទីលំនៅ​ភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ,ទី៣-ឈ្មោះ ហីម ស៊ូល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រជីជីហ្វេសិន (គេចខ្លួន)។​   ដោយឡែក ជនរងគ្រោះមានឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។​ មូលហេតុកើតឡើងដោយសារជនរងគ្រោះ​​​​ ញ៉ែប៉ះចំលើស្រីស្នេហ៍របស់ឈ្មោះ ហីម ស៊ូល ទើបបុគ្គលរូបនេះបានទូរសព្ទហៅជនសង្ស័យទាំងពីរនាក់ខាងលើ​​ឱ្យ​មកកាប់ជនរងគ្រោះតែម្ដង ។  សូមរម្លឹកថា កាលពីវេលាម៉ោង៣:១៥នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កើតមានករណីហិង្សាមួយ ដោយមានបុរស២នាក់ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោបានតាមកាប់បុរសម្នាក់ ត្រង់ចំណុចផ្លូវជាតិលេខ៤ ខាងកើតផ្លូវរថភ្លើង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈដែលកំពុងជិះម៉ូតូចេញពីធ្វើការ វិលត្រឡប់ទៅផ្ទះ។ បន្ទាប់មកជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកជនរងគ្រោះសន្លប់ដេកដួល ត្រូវកម្មកររួមការងារ ជួយដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យលោកសង្ឃ ។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕  សម្រួលដោយ   ទៀង បុណ្ណរី 

អត្ថបទដែលជាប់ទាក់ទង