កុមារីនៅខេត្តព្រៃវែងម្នាក់ ស្លា.ប់ដោយសារផ្តាសាយបក្សីសង្ស័យឆ្លងពីសត្វ

ព្រៃវែង៖ កុមារីម្នាក់បានស្លាប់ ថ្ងៃទី​២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ ខណៈមន្ទីរពេទ្យបញ្ជាក់ថា រូបគេមានវិជ្ជមាន​មេរោគផ្តាសាយបក្សី​ H5N1។  លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង បានឱ្យដឹងថាកុមារីអាយុ​១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ​ចាប់ផ្ដើមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្ដៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល​ ដោយកុមារីចាប់ផ្ដើមហត់ក៏ត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​។ នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ ថ្ងៃបន្ទាប់បានបញ្ជាក់ថាវិជ្ជមាន​មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហើយ។ លោកវេជ្ជបណ្ឌិត ថ្លែងដូច្នេះថា៖ «យើងនឹងអង្កេតជាបន្តទៀតថាតើកុមារីឆ្លងជំងឺនឹងឆ្លងប្រភពមកពីណាហើយនរណា​ទៀត​ឈឺត្រូវយកឈាម និងសំណាកទៅមើលជាបន្តទៀត និងរង់ចាំលទ្ធផលពីពេទ្យសត្វទាំងពេទ្យសត្វស្រុក និងសត្វព្រៃទៀតតែសំខាន់ឃើញថាសត្វព្រៃងាប់ខុសពីធម្មតា។ អ៊ីចឹងយើងសង្ស័យគាត់អាចប៉ះពាល់សត្វព្រៃទើបធ្វើឱ្យគាត់ឆ្លងបាន»។  លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវបងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់​ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ​ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬរាយការណ៍ទៅលេខ​ ១១៥​៕   សម្រួលដោយ   ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង