ប្រជាកសិករដាំដំឡូងមីនៅខេត្តប៉ៃលិន សប្បាយចិត្តនឹងតម្លៃលក់ចេញហក់ទើ្បងខ្ពស់
ខេត្តប៉ៃលិន៖ ប្រជាកសិករនៅក្រុងប៉ៃលិន បានសម្តែងក្ដីរីករាយនឹងតម្លៃដំឡូងមីឆ្នាំនេះ មានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ខណឆ្នាំមុនឡើងខ្ពស់ដែរតែប្រជាកសិករមិនសូវសប្បាយចិត្តដូចពេលនេះឡើយ…។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន មានប្រសាសន៍ថា ដំឡូងមីនៅក្នុងខេត្តកំពុងតែល្អមែនទែនមកដល់ខែកុម្ភៈនេះ ដែលតម្លៃដំឡូងស្ងួត ប្រភេទចំណិតគឺឡើងដល់ ៩៣០រៀល ទៅ៩៥០រៀល ហើយបើវាស្ងួតល្អ គឺអាចលក់បានរហូតដល់៩៦០ រៀលនៅក្នុងមួយគីឡូក្រាម។ ចំណែកដំឡូងស្រស់ គឺចន្លោះពី៣៧០ ទៅ៤២០រៀល នៅក្នុងមួយគីឡូក្រាម ។ លោកបន្ថែមថា ជាមួយនឹងតម្លៃនេះ បងប្អូនប្រជាកសិករនៅក្នុងខេត្ត កំពុងតែសប្បាយចិត្តមែនទែន ពីព្រោះថា ដំឡូងដែលដាំនៅក្នុងខេត្តប៉ៃលិននេះ កន្លែងខ្លះបានទិន្នផលពី១០តោន ទៅដល់៥០តោន ក៏មាននៅក្នុងផ្ទៃដីមួយហិកតា ខណៈឈ្មួញថៃ បានចុះមកប្រមូលទិញអស់ៗតែម្ដង។ ក្នុងនោះលោកបានព្យាករណ៍ថា សម្រាប់ឆ្នាំក្រោយតម្លៃនៃដំឡូងមី នឹងបន្តកើនឡើងបន្ថែមទៀត ជាពិសេសនៅក្នុងអំឡុងពេលដែលប្រេងបន្តឡើងថ្លៃ ពីព្រោះដំឡូងមី ក៏អាចត្រូវបានគេកៃច្នៃជាអេតាណុល ដែលជាប្រភេទប្រេងជីវឥន្ធនៈម្យ៉ាង ហើយវាក៏ជាធនធានដ៏សំខាន់សម្រាប់ស្បៀងផងដែរ ជាពិសេស គឺម្សៅមី។ លោកស្រី ទៀង រ៉ាឌី ប្រជាកសិករនៅភូមិក្រចាប់ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា លោកស្រីបានដាំដំឡូងមីក្នុងផ្ទៃដីជាងមួយហិកតា ដោយប្រើប្រាស់ពូជ ត្រយ៉ងកៅ ដែលល្អជាងឆ្នាំមុនគាត់ប្រើប្រាស់ពូជ៨៩ វារលួយពេកដោយសារមានទឹកច្រើន និងមិនសូវមានម្សៅ។ ឆ្នាំមុននោះដែរ តម្លៃដំឡូងស្ងួត ប្រភេទចំណិតលក់បានក្នុងតម្លៃ៣០០រៀលទៅជាង៤០០រៀល រីឯដំឡូង ស្រស់១០០រៀល ទៅ១៨០រៀល ក្នុងមួយគីឡូក្រាម។ សូមបញ្ជាក់ថា ផ្ទៃដីដាំដំឡូងមី ក្នុងខេត្តប៉ៃលិន មានប្រមាណ៤២៩០០ហិកតា កើនឡើង៩០០ហិកតា ធៀបនឹងឆ្នាំមុន ក្នុងនោះអនុវត្តបាន៨៥៨ពាន់តោន៕ សម្រួលដោយ ទៀង បុណ្ណរី