ក្មេងប្រុស៤នាក់ ព្រោះតែអាណិតមិត្តភក្តិពេកក៏លួចស្បែកជើង៣គូរទៅឱ្យ ត្រូវអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ ក្មេងប្រុសសិស្សសាលា៤នាក់ បែកគំនិតមិនល្អ នាំគ្នាជិះម៉ូតូទៅលួចស្បែកជើងនៅហាងមួយកន្លែង ដែលមានបំពាកកាមេរ៉ាសុវត្ថិភាព ក៏ត្រូវសមត្ថកិច្ចកំណត់អត្តសញ្ញាណចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ…។ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានថ្លែងប្រាប់ភ្នាក់ងារ ធី អិន អឹម ថា នៅចំណុចផ្សាររាត្រីមានករណីក្មេងៗសិស្ស១ក្រុម មានម៉ូតូចំនួន២គ្រឿង ធ្វើសកម្មភាពលួចឆក់ស្បែកជើងប្រភេទកែមបូចំនួន៣គូរ ដែលព្យួរលក់នៅតូបផ្រសារាត្រី ហើយជិះម៉ូតូគេចខ្លួនបាត់។ ក្មេងសិស្សសាលាទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន រួមមាន៖ ទី១.ឈួន ខេមរៈ ភេទប្រុសអាយុ១៥ឆ្នាំ, ទី២.ឈ្មោះ ឡន ហាក់ ភេទប្រុស អាយុ១៣ឆ្នាំ, ទី៣.ឈ្មោះ សឺ សុផាន ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ រ៉ុង ចាន់ថេត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរស់នៅភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។ លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីម្ចាស់តូបលក់អ៊ីវ៉ាន កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនក្មេងៗសិស្សសាលាទាំង៤នាក់នោះ រួមជាមួយវត្ថុតាងស្បែកជើងបានមកវិញចំនួន៣គូរ ប្រគល់ជូនម្ចាស់ដើមវិញ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅភូមិភ្នៀតសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។ លោកវរសេនីយ៍ឯក ស៊ី ឌី គូសបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្មេងៗសិស្សសាលាទាំងបួននាក់ និងបន្ទាប់ពីការសាកសួរ ដោយជនសង្ស័យទាំង៤សារភាពថា ពួកគេទើបធ្វើជាលើកទី១ ពោលគឺលួចយកទៅឱ្យមិត្តភក្តិដែលអត់ស្បែកជើងពាក់ តែត្រូវសមត្ថកិច្ចចាប់ខ្លួនទាំង៤នាក់តែម្ដង។ បច្ចុប្បន្ន មន្ត្រីជំនាញបានបញ្ជូនក្រុមក្មេងៗទាំងនោះទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ ទោះយ៉ាងណា មហាជនបានសំណូមដល់សមត្ថកិច្ច កុំចាត់វិធានការច្បាប់ធ្ងន់ធ្ងរពេក ព្រោះពួកគេទាំង៤នាក់នោះ ពុំបានចាប់យកការលួចនោះធ្វើជាមុខរបរនោះឡើយ។ ពិតណាស់ថា ពួកគេទាំង៤បានប្រព្រឹត្តកំហុស ប៉ុន្តែបើពិនិត្យឱ្យល្អិតល្អន់កំហុសនោះ គឺពួកគេធ្វើឡើងដោយអចេតនា ព្រោះតែការចង់ជួយមិត្តភក្តិដែលមានជីវភាពក្រីក្រ ហើយមិនបានគិតវែងឆ្ងាយ ក៏បានព្រព្រឹត្តកំហុសឆ្គងទាំងនោះទៅ ដូចនេះ អាជ្ញាធរគួរពិន័យត្រឹមជាការអប់រំណែនាំបានហើយ កុំដល់អនុវត្តច្បាប់ធ្វើអ្វី វាអាចនឹងធ្វើឱ្យអនាកតក្មេងៗអន្តរាយដោយសារតែកំហុសឆ្គងតិចតួចនេះ….៕ សម្រួលដោយ ទៀង បុណ្ណរី