កំពង់ឆ្នាំង និងពោធិ៍សាត់ មានទីលានទុកដាក់សំរាម ដើម្បីគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប
កំពង់ឆ្នាំង៖ ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ បានទទួលទីលានទុកដាក់សំរាមដ៏ធំ និងមានស្តង់ដារ ជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប និងមានសមត្ថភាពផ្ទុកសំរាមបានប្រមាណពី១២ ទៅ១៤ម៉ឺនម៉ែត្រគីប។ទីលានទុកដាក់សំរាមដ៏ធំចំនួន២កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ទីលានទុកដាក់សំរាមទាំង២កន្លែងនេះ មាន១នៅស្រុករលាប្អៀរ ដែលបម្រើឱ្យការប្រមូលទុកដាក់សំរាមសម្រាប់ក្រុងកំពង់ឆ្នាំង និងបណ្ដាស្រុកដែលនៅក្បែរ និង១កន្លែងទៀតនៅក្រុងពោធិ៍សាត់។ ទីលានទុកដាក់សំរាមទាំង២កន្លែងនេះ គឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហាន១ ដែលជាកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី។ សម្រាប់ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិកតា គ្រោងឱ្យប្រើប្រាស់ក្នុងរយៈពេល១០ឆ្នាំ គឺពីឆ្នាំ២០២២ រហូតដល់២០៣២ សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការសន្មត់អត្រាប្រមូលសំរាមបច្ចុប្បន្ននៅកំពង់ឆ្នាំង មានចំនួន ១០តោនក្នុងមួយថ្ងៃ នឹងអាចកើនឡើងដល់៣៤តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០៣៣ខាងមុខ។ ទីលាននេះ បានសាងសង់ រណ្ដៅទុកដាក់សំរាមចំនួនពីរ ដោយរណ្ដៅនីមួយៗមានទំហំ៨០ម៉ែត្រ គុណ៨០ម៉ែត្រប៉ុនគ្នា និងមានជំរៅ១ម៉ែត្រ។ សម្រាប់ទីលានទុកដាក់សំរាមក្រុងពោធិ៍សាត់ មានផ្ទៃដីសរុបទំហំ ១៥.៥០ហិកតា និងអាចផ្ទុកសំរាមបានប្រមាណ ១៤ម៉ឺនម៉ែត្រគីប ស្ថិតនៅភូមិទួលម្នាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ទីលាននេះគ្រោងឱ្យប្រើប្រាស់រយៈពេល១៥ឆ្នាំ គឺពីឆ្នាំ២០២២ រហូតដល់២០៣៧ សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការសន្មត់អត្រាប្រមូលសំរាមបច្ចុប្បន្នមានចំនួន ៧តោនក្នុងមួយថ្ងៃ នឹងអាចកើតឡើងដល់២៤តោនក្នុងមួយថ្ងៃនៅឆ្នាំ២០៣៣ខាងមុខ។ សូមបញ្ជាក់ថា ការឱ្យមានទីលានទុកដាក់សំរាម២កន្លែងខាងលើនេះ គឺគោលបំណងគ្រប់គ្រងការអភិវឌ្ឍបណ្តាក្រុងជុំវិញបឹងទន្លេសាប ប្រកបដោយតុល្យភាព បរិស្ថាន គ្របដណ្តប់ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ព្រោះក្រុងទាំង២ ស្ថិតតាមបណ្ដោយផ្លូវរបៀងសេដ្ឋកិច្ចអាស៊ាន ក្រុងបាងកក ភ្នំពេញ ហូជីមិញ ដែលជាសក្តានុពលទាក់ទាញការវិនិយោគ កំណើនសេដ្ឋកិច្ច បង្កើនមុខរបរ និងកាត់បន្ថយភាពក្រីក្រ ការបញ្ចេញចោលនូវទឹកកខ្វក់ កាកសំណល់រឹង ភក់សំរាមតាមលំហូរទឹកភ្លៀងនាំចូលមកទីទំនាបនៃបឹងទន្លេសាប ដែលជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន១ ៕ សម្រួលដោយ ទៀង បុណ្ណរី