គោលដៅ​អេកូទេសចរណ៍កម្ពុជា​ចំនួន ២ ទទួលពានរង្វាន់​ស្តង់ដាកម្រិត​អាស៊ាន

សហគមន៍អេកូទេសចរណ៍ចំនួន ២ នៅកម្ពុជា ទទួលបាន​ពានរង្វាន់ស្ដង់ដាសហគមន៍​អេកូទេសចរណ៍​អាស៊ាន ក្នុងនោះរួមមាន​សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន​នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ​នៅខេត្ត​សៀមរាប។   លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុងយុក្យាការតា (Yogyakarta) ប្រទេសឥណ្ឌូណេស៉ី អាស៊ានបានប្រគល់ពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ានដល់សហគមន៍អេកូទេសចរណ៍ចំនួន ២ នៅកម្ពុជា គឺ​សហគមន៍​អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។  តាមការវាយតម្លៃរបស់អាស៊ាន សហគមន៍អេកូទេសចរណ៍ទាំង២នេះគឺបានខិតខំអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ កសាងហេដ្ឋារចនាសម្ពន្ធនៅមូលដ្ឋាន បង្កើនផលិតផលទេសចរណ៍ថ្មីៗ កែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ ព្រមទាំងទទួលបានការពេញនិយមច្រើនពីសំណាក់ភ្ញៀវទេសចរ។   លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់​សហគមន៍​​អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ក៏ដូចជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ និងគាំទ្រតាមរយៈការប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។   ចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារក្រសួងទេសចរណ៍នឹងសហការដឹកនាំការីទេសចរណ៍សំខាន់ៗធ្វើទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍ចំនួន ៥ រួមមាន សហគមន៍ទេសចរណ៍ទឹកធ្លាក់តាំងយូ សហគមន៍ទេសចរណ៍ដាតាវឹក និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ចាក់អង្រែ ដែលស្ថិតនៅតំបន់ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ សហគមន៍អេកូទេសចរណ៍កោះសាមសិប នៅខេត្តក្រចេះ និងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង។   ការធ្វើទស្សនកិច្ចនេះដើម្បីឱ្យការីទេសចរណ៍ដែលជាអ្នករៀបចំកញ្ចប់ទស្សនកិច្ចបានឃើញពីផលិតផលទេសចរណ៍នៅតាមសហគមន៍ និងអេកូទេសចរណ៍ទាំង ៥ នោះ សំដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្កើនការមកទស្សនាគោលដៅទាំងនោះ៕   សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង