ព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង សេចក្តីព្រាងច្បាប់ស្តី ពីការគ្រប់គ្រងទឹកស្អាត

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ នាព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។  លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិតិ្តសង្គហ បណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ រៀបចំឡើងដើម្បីកសាងក្របខ័ណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ថា “ថវិកាសមិទ្ធកម្ម” ដែលជាគំរូមួយសមស្របសម្រាប់កម្ពុជា។ ជាពិសេសសេចក្តីព្រាងច្បាប់នេះ គឺជាច្បាប់គោលដែលគ្របដណ្តប់លើការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសម្រាប់ទ្រទ្រង់ការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាធាតុផ្សំដ៏សំខាន់នៃគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលដៅធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យឈានទៅរកឧត្តមានុវត្តន៍ជាអន្តរជាតិ និងឆ្លើយតបនឹងលទ្ធភាពនៃការអនុវត្តបានក្នុងបរិការណ៍កម្ពុជាផង។  សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៩ជំពូក និង ១០៩មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។  ក្រោយពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។  ចំណែកឯ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតរៀបចំឡើងដើម្បីកំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីធានាគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន ។  សេចក្តីព្រាងច្បាប់នេះ ផ្តល់សារៈសំខាន់បន្ថែមទៀតក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន លើការជំរុញសក្តានុពលនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើវិស័យទឹកស្អាតដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងធានាប្រសិទ្ធភាពលើការជំរុញល្បឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមលើគ្រប់វិស័យ។  សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១៥ជំពូក និង ៦៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។  ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៥រូបបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕  សម្រួលដោយ ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង