ឃាត់រថយន្តដឹកមាន់រស់ជាង២៥០ក្បាល លួចឆ្លងដែនពីថៃខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ មាន់រស់ជាង២៥០ក្បាលដែលរថយន្ត១គ្រឿងនាំចូលពីប្រទេសថៃដោយខុសច្បាប់ ត្រូវមន្ត្រីពេទ្យសត្វឃាត់ទុក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយព្រួយបារម្ភការផ្ទុកនូវជំងឺឆ្លង។ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច បានឱ្យដឹងថា ដោយមានការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីពង្រឹងការទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ និងការពារជំងឺឆ្លង មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានឃាត់រថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ២ B 7982 ដឹកមាន់រសសង្ស័យខុសច្បាប់។ លោកថា ក្រោយឃាត់រថយន្ត១គ្រឿងដែលសង្ស័យ កម្លាំងលោកបាននាំយកមកការិយាល័យជំនាញ នឹងបានធ្វើការពិនិត្យរកឃើញថាគ្មានច្បាប់នាំចូល និងដឹកជញ្ជូន និងជាការព្រួយបារម្ភអំពីជំងឺឆ្លងផងដែរ។ ក្រោយទម្លាក់ទ្រុងមានមន្រ្តីរកឃើញមាន់រស់ចំនួន២៥៦ក្បាល មានប្រភេទមានជម្រុះពងអស់ចំនួន១២០ក្បាល និងមាន់សចំនួន១៣៦ក្បាលដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងល្មើសច្បាប់។ បើតាមលោក ហ៊ុយ ទូច បានបញ្ជាក់ថារថយន្ត១គ្រឿង និងមាន់រស់ប្រមាណជាង២៥០ក្បាល ក្រោយឃាត់ត្រូវបានរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាក់ទៅវិភាគនៅអគ្គនាយកដ្ឋានសុខភាពសត្វផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីរង់ចាំលទ្ធផល បើសិនជាគ្មានជំងឺឆ្លងណាមួយកើតឡើងចំពោះសត្វទេ នឹងធ្វើកិច្ចសន្យាចំពោះម្ចាស់ឱ្យនាំចូលមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយធ្វើការផាកវិន័យទៅតាមច្បាប់កំណត់ទើបប្រគល់ជូនម្ចាស់វិញ៕ សម្រួលដោយ ទៀង បុណ្ណរី