ផ្អើលទាំងយប់! រថយន្តស៊េរីទំនើបពីរគ្រឿងបើកលឿនដូចហោះ ជ្រុលទៅបុកគ្នាមួយទំហឹង

រាធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបចំនួន២គ្រឿង បានបុកគ្នាយ៉ាញពេញទំហឹងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវ២២២ កែងផ្លូវ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១:២០ នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។   យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសជនជាតិបរទេសម្នាក់​ បើកបររថយន្តម៉ាក Lexus GX470 ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2V-5899 ធ្វើដំណើរតាមបណ្តោយផ្លូវ២២២ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុចំណុចផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនក៏ស្រាប់តែជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង ជាមួយនឹងរថយន្តម៉ាក Lexus350 ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2AC-6732 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយក្មេងប្រុសម្នាក់។  ជាសំណាងល្អ ក្នុងហេតុការណ៍នេះមិនបង្កឱ្យមាននាក់រងរបួសធ្ងន់ធ្ងងនោះទេ ដោយគ្រាន់តែខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ។ រថយន្ត Lexus GX470 បានរងការខូចខាតផ្នែកខាងមុខខាងឆ្វេង និងផ្នែកខាងក្រោយខាងឆ្វេងរថយន្ត។ ចំណែករថយន្ត Lexus RX350 បានខ្ទាតឡើងខឿនបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យបែកកង់មុខខាងស្តាំ និងរងការខូចខាតផ្នែកខាងមុខផងដែរ។  ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការវាស់វែងព្រមទាំងយករថយន្តបង្កទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង