អាជីវករ២នាក់ នៅផ្សារអូរឫស្សី មាន «វិជ្ជមានកូវីដ១៩»
TNM(ភ្នំពេញ) ៖ អាជីវករ២នាក់ នៅផ្សារអូរឬស្សី រាជធានីភ្នំពេញ ត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩» ។ នេះបើតាមលោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់មកកាន់អង្គភាពសារព័ត៌មាន TNM នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។
លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ថា អាជីវករទាំង២ គឺ ម្នាក់ជាអ្នកលក់ខោអាវ និង ម្នាក់ជាអ្នកលក់គ្រឿងទេស ដោយអ្នកទាំង២ បានរកឃើញ «វិជ្ជមានកូវីដ១៩» កាលពីយប់ថ្ងៃទី២៩ និងយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
ប្រធានផ្សារអូរឫស្សី បានបន្ថែមថា បច្ចុប្បន្នអាជ្ញាធរបានសម្រេចបិទតូបលក់ដូរដែលពាក់ព័ន្ធជាមួយអាជីវករ ដែលមាន វិជ្ជមានកូវីដ១៩» ខាងលើចំនួនជាង១០តូប ជាបណ្តោះអាសន្ន និងបានឱ្យអាជីវករទៅធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត ។
ដោយឡែក សម្រាប់ការបិទទីតាំងផ្សារទាំងមូល លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ថា បិទតែទីតាំងណាដែលមានបញ្ហា ដែលពាក់ព័ន្ធតែប៉ុណ្ណោះ សម្រាប់អ្នកដែលអត់ពាក់ព័ន្ធ មិនទាន់បិទទេ ព្រោះអាជីវករត្រូវការប្រកបមុខរបរ ៕