ថៃ កំពុងប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកាចសាហាវ Marburg
ក្រសួងសុខាភិបាលសាធារណៈថៃ បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងមេរោគ Marburg ដែលបច្ចុប្បន្ន កំពុងរីករាលដាលយ៉ាងខ្លាំង នៅតំបន់អាហ្រ្វិកកណ្តាល ហើយបានឆក់យកជីវិតមនុស្សចំនួន៦នាក់ហើយនៅក្នុងតំបន់នោះ។ ក្រសួង បានដាក់ចេញវិធានការត្រួតពិនិត្យ លើអ្នកធ្វើដំណើរទាំងអស់មកពីប្រទេស ហ្គីណេអេក្វាទ័រនិងប្រទេសនៅជិតខាងនោះ ដើម្បីទប់ស្កាត់ការឆ្លងក្នុងតំបន់។ លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងបាននិយាយថា ក្រសួងបាននិងកំពុងតាមដានយ៉ាងដិតដល់ នូវការផ្ទុះឡើងនៃជំងឺនេះ។ មេរោគនេះ គឺជាសែស្រឡាយរបស់មេរោគ អេបូឡា ដែលអាចឆ្លងតាមរយៈសារធាតុរាវនៅក្នុងខ្លួនមនុស្ស។ លោកវេជ្ជបណ្ឌិត Opas និយាយថា “មេរោគដើមត្រូវបានគេរកឃើញនៅក្នុងសត្វប្រចៀវ ហើយអាចឆ្លងទៅមនុស្ស។ បច្ចុប្បន្ន មិនមានវ៉ាក់សាំង ឬថ្នាំដើម្បីសម្លាប់វាទេ។ ការព្យាបាលត្រូវបានធ្វើឡើងដោយផ្អែកលើរោគសញ្ញារបស់អ្នកជំងឺ”។ ទោះបីជាយ៉ាងណាក៏ដោយ លោក Tares Krassanairawiwong ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺថៃ បាននិយាយថា “នាយកដ្ឋានមិនមានផែនការដាក់បម្រាមធ្វើដំណើរទេ។ ប៉ុន្តែយើងនឹងពិនិត្យលើអ្នកធ្វើដំណើរមកពីប្រទេស ហ្គីណេអេក្វាទ័រ និងប្រទេសជិតខាងនោះ”៕ សម្រួលដោយ ទៀង បុណ្ណរី